លោក Ranil Wickremesinghe បានស្បថចូលកាន់តំណែងប្រធានាធិបតីស្រីលង្កានៅក្នុងរដ្ឋសភាប្រទេសនេះ ក្រោយពេលលោកទទួលបានជ័យជម្នះក្នុងការបោះឆ្នោតនៅរដ្ឋសភា កាលពីថ្ងៃទី២០ខែកក្កដា។
សារព័ត៌មានស៊ីនហួបានផ្សាយថា លោក Ranil Wickremesinghe នៅថ្ងៃទី២១ខែកក្កដា បានស្បថចូលកាន់តំណែងប្រធានាធិបតីស្រីលង្កា។ នៅក្នុងការបោះឆ្នោតប្រធានាធិបតីនៅក្នុងរដ្ឋសភា លោកទទួលបានសំឡេងគាំទ្រ១៣៤សំឡេងក្នុងចំណោមតំណាងរាស្ត្រទាំង២២៥រូប នាំមុខដាច់លើបេក្ខភាពផ្សេងទៀត។
លោក Ranil Wickremesinghe ធ្លាប់កាន់តំណែងជានាយករដ្ឋមន្ត្រីស្រីលង្កាដល់ទៅ៦អាណត្តិកន្លងមក។ លោកក៏បានក្លាយទៅជាប្រធានាធិបតីបណ្តោះអាសន្នក្រោយពេលអតីតប្រធានាធិបតីចាកចេញពីប្រទេសហើយលាលែងចេញពីតំណែង។
ក្នុងតំណែងជាប្រធានាធិបតីស្រីលង្កា លោក Ranil Wickremesinghe ប្រឈមនឹងបញ្ហាជាច្រើន ពិសេសគឺជួយប្រទេសជាតិឆ្លងផុតពីវិបត្តិសេដ្ឋកិច្ច និងនយោបាយទ្រង់ទ្រាយធំបំផុត ចាប់តាំងពីប្រទេសនេះទទួលបានឯករាជ្យនៅឆ្នាំ១៩៤៨៕ ដោយធីរីណា
រូបថត :TTXVN