ខេត្តកណ្ដាល: ជនសង្ស័យជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀននិងផឹកស្រាជាប្រចាំម្នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ពីបទប្រើហិង្សាដោយចេតនា ក្រោយពីវាយដំរករឿងប្រពន្ធញឹកញាប់ពេក ទោះបីសមត្ថកិច្ចធ្លាប់បានអប់រំច្រើនលើកច្រើនសាក៏ដោយ។ ករណីនេះ បានកើតឡើងនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១៩និង០០នាទី នៅចំណុចភូមិឃ្លាំងមឿងជើង ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកខ្សាច់កណ្ដាលបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ សំណាង ស្រីនិត ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិឃុំកើតហេតុ (ត្រូវជាប្រពន្ធ) ។ ចំណែកជនសង្ស័យឈ្មោះ តឿ ទីន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិឃុំកើតហេតុ (ត្រូវជាប្ដី) ។
ប្រភពដដែលបន្តថា កន្លងមកជនសង្ស័យបានប្រើប្រាស់ថ្នាំញៀន និងផឹកស្រាជាប្រចាំ លុះផឹកស្រវឹងម្ដងៗ ជនសង្ស័យតែងតែឈ្លោះជេរប្រមាថ និងប្រើអំពើហិង្សាវាយលើជនរងគ្រោះ ហើយត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកអំពិលធ្វើកិច្ចសន្យា អប់រំ ណែនាំ ជាច្រើនលើកមកហើយ ។ លុះមកដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ១៩និង០០នាទី ជនសង្ស័យបានផឹកស្រាស្រវឹង មាត់ឡូឡាររករឿងជនរងគ្រោះជាប្រពន្ធ ហើយជនសង្ស័យបានធាក់ជញ្ជាំងផ្ទះ ធ្វើអំពីសង្ក័សី និងយកកូនធុងទឹកគប់ជញ្ជាំងផ្ទះធ្វើពីស័ង្កសីបណ្ដាលឱ្យមានស្នាមប៉ោង ហើយគំរាមថា ង៉ែងប្រយ័ត្នឡានពេទ្យមកជួយមិនទាន់ រួចស្ទុះមកវាយជនរងគ្រោះ តែជនរងគ្រោះបានគេចផុត។ បន្ទាប់មកជនរងគ្រោះ បានបង្ហោះសារព្រមទាំងរូបភាពតាមបណ្ដាញសង្គមហ្វេសប៊ុកសុំឱ្យសមត្ថកិច្ចជួយធ្វើអន្តរាគមន៍ចាប់ខ្លួនជនសង្ស័យអនុវត្តទៅតាមផ្លូវច្បាប់ ។
រហូតមកដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអំពិល បានឃាត់ខ្លួនជនសង្ស័យបញ្ជូនមកអធិការដ្ឋានគរបាលស្រុកខ្សាច់កណ្តាល បន្តចាត់ការតាមនីតិវិធី ៕
ដោយ៖ស្អាងជ័យ