លោក​បណ្ឌិត​ អ៉ិត​ សំហេង​ កោតសរសើរដល់មន្ត្រីគ្រប់លំដាប់ថ្នាក់របស់ក្រសួងការងារ ដែលបានបំពេញតួនាទី កាតព្វកិច្ចដោយការទទួលខុសត្រូវបំផុត លើការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ​៖​ កិច្ចប្រជុំផ្សព្វផ្សាយស្តីពីលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា ក្រោមអធិបតីភាព លោកបណ្ឌិត អ៉ិត សំហេង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមពីអនុប្រធាន សមាជិកអចិន្ត្រៃយ៍ សមាជិកគណៈកម្មាធិការគណបក្ស និងសមាជិកបក្សក្រសួង សរុបចំនួន ៣៤០នាក់។

បន្ទាប់ពីលោក ទៀវ ម៉ាក់តែល សមាជិកគណៈកម្មាធិការគណបក្សក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអានសេចក្តីជូនដំណឹងស្តីពីលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញរបស់គណបក្សរួចមក លោកបណ្ឌិត អ៉ិត សំហេង បានជម្រាបបញ្ជាក់បន្ថែមពីខ្លឹមសារលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា និងចំណុចសំខាន់ៗ មួយចំនួនដែលជាទិសដៅអាទិភាពពាក់ព័ន្ធទៅនឹងក្របខណ្ឌរបស់គណបក្សឆ្ពោះទៅកាន់ការបោះឆ្នោតជ្រេីសតាំងតំណាងរាស្រ្តនីតិកាលទី៧​ ឆ្នាំ២០២៣​ និងការងារជំនាញរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ទន្ទឹមនឹងនេះដែរ លោកបណ្ឌិត​ អ៉ិត​ សំហេង​ បានលើកសរសើរ ពីអត្ថន័យភ្លេងគណបក្សប្រជាជនកម្ពុជា ដែលមានខ្លឹមសាពោរពេញដោយមោទកភាព យ៉ាងជ្រាលជ្រៅបំផុត ចំពោះប្រវត្តិរបស់បក្ស និងការដឹកនាំប្រកបដោយភាពវាងវៃ របស់ថ្នាក់ដឹកនាំគណបក្ស ដែលការពារសន្តិភាព រក្សាបាននូវការអភិវឌ្ឍ ប្រជាពលរដ្ឋមានជីវភាពធូរធារជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ។

លោកប្រធាន ក៏បានគូសបញ្ជាក់ពីសភាពការណ៍ទូទៅដំណើរការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ដែលគណបក្សប្រជាជនកម្ពុជាទទួលបានជ័យជំនះភ្លូកទឹកភ្លូកដី ដែលជាការឆ្លុះបញ្ចាំងឲ្យឃើញនូវការប្រើប្រាស់សិទ្ធិសេរីភាពក្នុងការជ្រើសរើសថ្នាក់ដឹកនាំរបស់ខ្លួនពីសំណាក់ប្រជាពលរដ្ឋ មកលើថ្នាក់ដឹកនាំមូលដ្ឋាន។ ជាមួយនឹងតួនាទីរបស់យុវជន បានក្លាយជាកម្លាំងមួយក្នុងការចូលរួមរបស់គណបក្ស នៅគ្រប់ទីកន្លែង ក៏ដូចជាសន្ទុះនៃការគាំទ្ររបស់បងប្អូនកម្មករនិយោជិត ក៏រឹតតែធ្វើឲ្យគណបក្សមានប្រជាប្រិយភាពទទួលបានការគាំទ្រកាន់តែខ្លាំង។

លោកបណ្ឌិត ក៏បានកោតសរសើរដល់មន្ត្រីគ្រប់លំដាប់ថ្នាក់របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានបំពេញតួនាទី កាតព្វកិច្ចដោយការទទួលខុសត្រូវបំផុត លើការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ រហូតដល់មានមន្ត្រីយើងខ្លះ ក៏បានឆ្លងនូវជំងឺនេះថែមទៀត ទាំងនេះសបញ្ជាក់ពីកាយវិការលះបង់ប្រកបដោយការគោរពស្រលាញ់បំផុតរបស់មន្ត្រីរបស់យើង ហើយក៏សូមមន្ត្រីយើងបន្តចូលរួមអនុវត្ត និងផ្សព្វផ្សាយបន្តទៀត ចំពោះអនុសាសន៍ទាំង១០ចំណុចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី រួមនិងការបន្តផ្សព្វផ្សាយយុទ្ធនាការ៩០ថ្ងៃ របបប្រាក់សោធនសម្រាប់កម្មករនិយោជិតនៃវិស័យឯកជន ដែលជាការទន្ទឹងរង់ចាំរបស់បងប្អូនកម្មករនិយោជិត និងនិយោជក នៃបណ្តារោងចក្រ សហគ្រាស គ្រឹះស្ថាន ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ហើយក៏ជាការឆ្លើយតបទៅនឹងអ្វីដែលរាជរដ្ឋាភិបាលបានសន្យាខាងនយោបាយ ឲ្យបានកាន់តែទូលំទូលាយបន្ថែមទៀត។

គួរបញ្ជាក់ជូនដែរថា សន្និបាតគណៈកម្មាធិការវិសាមញ្ញនៃ គណបក្សប្រជាជនកម្ពុជា បានប្រព្រឹត្តទៅនៅថ្ងៃទី១៦ និងថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស ដោយសន្និបាតបានប្រព្រឹត្តទៅតាមរបៀបវារៈដែលបានកំណត់ ក្នុងស្មារតីឯកភាព ប្រជាធិបតេយ្យ និងការទទួលខុសត្រូវចំពោះឧត្តមប្រយោជន៍ជាតិ និងប្រជាជន៕

...

ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print