នៅពេលនេះពិភពលោកទាំងមូលមានករណីកើតជំងឺអុតស្វារហូតដល់ទៅ១៤ពាន់នាក់ ។ គណៈកម្មការរបស់អង្គការសុខភាពពិភពលោក បានជួបប្រជុំជាលើកទីពីរដើម្បីសម្រេចថា តើជំងឺអុតស្វា នឹងក្លាយទៅជាជំងឺអាសន្នដែលត្រូវប្រកាសនៅលើពិភពលោកដែរឬទេ?
អង្គការសុខភាពពិភពលោក នៅថ្ងៃទី២១ខែកក្កដាបានជួបប្រជុំស្តីពីជំងឺអុតស្វាដើម្បីវាយតម្លៃនិងអាចប្រកាសអាសន្នស្តីពីសុខភាពជាសកល ។ នេះជាកិច្ចប្រជុំលើកទីពីរហើយរបស់គណៈកម្មការ នៃអង្គការសុខភាពពិភពលោក ក្រោយពេលរកឃើញមានករណីកើតជំងឺអុតស្វាដល់ទៅ១៤ពាន់នាក់ នៅ៧០ប្រទេសជុំវិញពិភពលោក។
ករណីឆ្លងជំងឺអុតស្វាកើនឡើងនៅក្នុងប្រទេសតំបន់អាហ្វ្រិកខាងលិចនិងអាហ្វ្រិកកណ្តាល ដែលជាតំបន់ជំងឺនេះធ្លាប់កើតឡើងជាច្រើននៅក្នុងអំឡុងឆ្នាំ៧០ នៃសតវត្សរ្ត៍ទី២០ ។
កាលពីថ្ងៃទី២៣ខែមិថុនា គណៈកម្មការសុខាភិបាលបានជួបប្រជុំគ្នាជាលើកដំបូងស្តីពីស្ថានភាពបន្ទាន់នៃសុខាភិបាល ។ នៅពេលនោះអគ្គនាយកអង្គការសុខភាពពិភពលោក Adhanom Ghebreyesus លើកឡើងថាមិនទាន់ដល់ពេលដែលត្រូវប្រកាសអាសន្ននោះឡើយ៕ ដោយធីរីណា
រូបថត :TTXVN