ភ្នំពេញ៖ ទីផ្សារការងារសិល្បៈរបស់តារាសម្តែងម៉ាក សែន សូនីតា ហៅតូតា ហាក់ហក់ឡើងខ្ពស់ជាងឆ្នាំមុនក្រោយពីនាងទទួលបានការសម្តែងថ្មីជាបន្តបន្ទាប់។ ក្នុងខ្សែភាពយន្តថ្មីរឿង”នាយខ្វាក់នាយខ្វិនឆ្លងភព” មានឈុតឆាកជាច្រើនដែលលំបាក ប៉ុន្តែតារាស្រីរូបនេះបញ្ជាក់ថា នាងពិតជាអៀន និងភ័យក្រោយពីឈុតឆាកនាយខ្វាក់រាវដៃប៉ះចំដើមទ្រូងនោះ។
ការបញ្ជាក់នេះត្រូវបានធ្វើឡើងក្នុងពិធីសម្ពោធជាផ្លូវការ ខ្សែរឿងថ្មីរបស់ផលិតកម្មLD Picture ដែលមានចំណងជើងថា«នាយខ្វាក់នាយខ្វិនឆ្លងភព»ត្រូវចាក់បញ្ចាំងកាលពីល្ងាចថ្ងៃទី៩ ឧសភា ឆ្នាំ២០១៦នារោងភាពយន្តTKទួលគោករាជធានីភ្នំពេញ ដោយមានតារាសម្តែងផលិតករម្ចាស់ផលិតកម្មព្រមទាំងទស្សនិកជនជាច្រើនកុះករចូលរួម។
ជាការកត់សម្គាល់នៅពេលមានការចេញផ្សព្វផ្សាយឈុតខ្លះនៅក្នុងសាច់រឿងតាមរយៈប្រព័ន្ធហ្វេសប៊ុកជាច្រើនគេឃើញមានឈុតមួយត្រូវតួឯកប្រុសនាយខ្វាក់សម្តែងដោយលោក ជា សុវណ្ណនរាហ៍ចាប់ស្ទាប់អង្អែលដើមទ្រូងពេញៗដេញរបស់កញ្ញាតូតាដ៍ស្រស់ស្អាតមើលទៅស្តែងយ៉ាងច្បាស់ទើបអ្នកណាក៏ថាតូតាហ៊ានសម្តែងដោយមិនខ្លាចការរិះគន់ក្នុងនាមជានារីម្នាក់។
កញ្ញា តូតា បានបញ្ជាក់ដោយទឹកមុខអៀនប្រៀនថា នេះគឺជាឈុតឆាកដែលនាងពិបាកសម្តែង ប៉ុន្តែនាងបញ្ជាក់ថាមិនមែនការលូលើស្ទាបដែលពិបាកទទួលយកនោះទេព្រោះតែតួអង្គជាមនុស្សខ្វាក់ ហើយក៏មិនមែនជាឈុតឆាកស្រើបស្រាលទេ ម្យ៉ាងក៏មានបច្ចេកទេសជួយខ្លះដែរ។ នាងបន្តថាការសម្តែងយើងជាអ្នកសិល្បៈគឺគេចេះលួចប្លង់ជួនកាលនៅពេលដែលយើងមើលចំទៅហាក់បីដូចជានៅជិតដើមទ្រូងនាងណាស់តែការណ៍ពិតមានផ្នែកកាម៉ារ៉ានៅពីលើ ហើយដៃតួប្រុសក៏មិនស្ទាបចំទ្រូងនាងពេកដែរ។ តួអង្គឯករូបនេះបន្តថាសិល្បៈនៃការសម្តែងនោះគ្រាន់តែជារឿងសិល្បៈប៉ុណ្ណោះ បើជារឿងពិតជាក់ស្តែងមែនក៏មិនអាចប៉ះពាល់អីដូចក្នុងឈុតរឿងនោះដែរទើបនាងហ៊ានសម្តែង។ ទោះជាយ៉ាងណានាងអរគុណអ្នករិះគុណនាងដែលយល់ថាយើងជានារីខ្មែរប៉ុន្តែរូបនាងក៏បុកពោះហើយពិតជាដឹងថាពិតជាមានការលើកឡើងបែបនេះមែន។ ទោះបីជាយ៉ាងណានោះគ្រាន់តែជាការសម្តែងហើយស្របពេលជាមួយគ្នានេះនាងក៏សំណូមពរឲ្យទស្សនិកជនជួយគាំទ្ររឿង«នាយខ្វាក់នាយខ្វិនឆ្លងភព»ព្រោះថាសាច់រឿងពិតជាល្អមានកំប្លែងសើចជាច្រើនឈុតពិសេសក៏មានភាពកម្សត់នៅក្នុងនោះដែលអ្នកទស្សនាអាចស្រក់ទឹកភ្នែកហើយលាន់មាត់សរសើររឿងខ្មែរយើងមិនខានពេលបានទស្សនាហើយនាងធានាថាទាំងសើចកម្សត់អាចដល់ថ្នាក់យំមិនដឹងខ្លួនទៀតផង។
លោក លៀក លីដា ដែលជាចាងហ្វាងផលិតកម្មLD Picture បានថ្លែងដែរថា រឿងនេះកម្សត់យំហើយក៏មានឈុតបែបសប្បាយសើចកំប្លែងច្រើនដែរ។ លោកមានបំណងអប់រំដល់មហាជនកុំរអើងជនពិការគាត់ក៏មានសិទ្ធិដូចមនុស្សទូទៅដែរ។ ជាពិសេសលោកមានគម្រោងយករឿង«នាយខ្វាក់នាយខ្វិនឆ្លងភព»នេះទៅចាក់បញ្ចាំងនៅតាមអង្គការ ឬស្ថាប័នជនពិការដើម្បីបានទស្សនាកម្សាន្តនិងឈ្វែងយល់និងជាការលើកទឹកចិត្តផងដែរ។ រឿងនេះផលិតចំណាយពេលបួនទៅប្រាំខែ ដោយការលំបាកគឺដដែលៗ ប៉ុន្តែលំបាកលើកនេះគឺតួមាននាយខ្វិននាយខ្វាក់សុទ្ធតែលះបង់មិនធម្មតានោះទេ។ រឿង«នាយខ្វាក់នាយខ្វិនឆ្លងភព»មិនមែនជារឿងចម្លងពីរឿងខ្មែរពីមុននោះទេដោយរឿងនេះជាមនោសញ្ចេតនាកម្សត់ណាស់។ ដូចនេះចង់ដឹងសាច់រឿងបែបណាមានតែតាមដានពេលចាក់បញ្ចាំងជាផ្លូវការនៅរោងភាពយន្តនានានៃរាជធានីភ្នំពេញនេះតែប៉ុណ្ណោះ។
គួរបញ្ជាក់ដែរថា ខ្សែភាពយន្តរឿង”នាយខ្វាក់នាយខ្វិនឆ្លងភព” និពន្ធដោយលោក ឌៀប សុវណ្ណារ៉ា អ្នកចាត់ការទូទៅដោយលោក លៀក លីណា អ្នកគ្រប់គ្រងការផលិតលោក អឿ ស៊ីណាន។ តារាក្នុងសាច់រឿងមានលោក ជា សុវណ្ណនរាជ៍ នាយគ្រឿន កញ្ញាតូតា កញ្ញាសាឡាត់ ស្រីឡាង លោកងួន សុបិន្ត អ្នកនាងប៉េង ប៉ោង នាយក្រាន់ នាយជេន នាយសានម៉ៅ លោកស៊ឹម សោភ័ណ លោកវ៉ាន់ មករាជាដើម។
ខ្សែភាពយន្តនេះនឹងចាប់ផ្តើមចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តទំនើបចាប់ពីថ្ងៃទី១២ខែឧសភានេះតទៅផងដែរ៕
ដោយ៖ វឌ្ឍនា