*ប្រភពនៃការតោងជាយស្បៃកូនស្រីចូលបន្ទប់
ព្រះថោងបឋមក្សត្រខ្មែរកាលដែលទ្រង់បានជាធំលើផែនដីកោះគោកធ្លកហើយ ទ្រង់នាំសេនាចុះទៅក្រសាលលើផ្នូកខ្សាច់នាឈូងសមុទ្រនៃកោះនោះនៅពេលទឹកនាច។ ដល់ពេលទឹកជោរទ្រង់ឡើងមកមិនទាន់ទ្រង់ទុំនៅលើកោះនោះចាំទឹកនាចទៅវិញ។ វេលាពាក់កណ្ដាលអធ្រាត្រនាងបុត្រីស្ដេចនាគបាននាំបរិវារមកនិមិត្តខ្លួនជាស្រីមនុស្សមកក្រសាលនៅទីនោះដែរព្រះថោងសព្វព្រះទ័យទ្រង់ចូលទៅលោមនាងថា ចាំទៅទូលបិតាសិន។ កាលបិតាអនុញ្ញាតឱ្យនាងនាំព្រះថោងទៅពិភពនាគ នាងក៏ឲ្យព្រះថោងតោងជាយស្បៃនាងនាគចូលទៅ ទើបចូលទៅបាន ។ ទៅដល់ហើយស្ដេចនាគបានអភិសេកផ្សំផ្គំព្រះថោង និងនាងនាគឲ្យជាស្វាមី ជាអគ្គមហាសី ហើយឱ្យត្រឡប់មកគ្រងនគរភ្នំជានគរខ្មែរដំបូងនេះវិញ។
តំណពីនោះមក អ្នកស្រុកទាំងពួង វេលាធ្វើមង្គលការគេប្រគំភ្លេងព្រះថោងនាងនាគ នាគព័ន្ធ និងពេលសំពះរួចគេឲ្យកូនប្រុសតោងជាយស្បៃកូនស្រីចូលបន្ទប់ ជាប់ជាប្រពៃណីជារៀងរហូតមកដល់សព្វថ្ងៃនេះ៕
(ដកស្រង់ចេញពីសៀវភៅ ក្បួនទម្រង់ការ(អាពាហ៍ពិពាហ៍)
.ពិនិត្យស្រាវជ្រាវតាមច្បាប់ដើមដោយ ចៅតាជេត.