ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ បានអញ្ជើញជាគណអធិបតី ក្នុងពីធីបើកវគ្គហ្វឹកហ្វឺនពង្រឹងអង្គភាព របស់តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ឆ្នាំ២០២២។
វគ្គហ្វឹកហ្វឺនពង្រឹងអង្គភាព របស់តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ឆ្នាំ២០២២ មានរយៈពេលសិក្សាសរុប ចំនួន ៩០ថ្ងៃ និងសិក្ខាកាមសរុប ចំនួន ១០០នាក់ ។
លោក ឧត្តមសេនីយ៍ឯក ឯក សំអូន បានមានប្រសាសន៍ថា វគ្គហ្វឹកហ្វឺនពង្រឹងអង្គភាព របស់តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ឆ្នាំ២០២២ ដែលប្រារព្ធបើកនាថ្ងៃនេះ ពិតជាមានសារសំខាន់ណាស់ សម្រាប់ការកសាងធនធានមនុស្ស ពង្រឹងសមត្ថភាព គុណភាព ការទទួលខុសត្រូវ និងសក្តានុពលការពារជាតិ ព្រមទាំងសកម្មភាពប្រចាំថ្ងៃរបស់កងទ័ពក្នុងការបំពេញភារកិច្ច ការបង្កើនប្រសិទ្ធភាព ទាំងចំណេះដឹង និងចំណេះធ្វើពិតប្រាកដ ធានាបាននូវប្រសិទ្ធភាព និងសមត្ថភាពខ្ពស់ក្នុងការបំពេញភារកិច្ចជូនអង្គភាព ដែលជាការរួមចំណែកលើភារកិច្ចការពារជាតិមាតុភូមិនៃយើង សំដៅធានាបាននូវប្រសិទ្ធភាពខ្ពស់នៃភារកិច្ចបានរឹងមាំ។
ឆ្លៀតក្នុងឱកាសនេះដែរ លោក ក៏បានរំលឹកដល់នាយទាហាន និងពលទាហានទាំងអស់ជុំវិញបញ្ហាសុខភាព ផ្តោតសំខាន់លើជំងឺកូវីដ-១៩ ដែលកំពុងតែមានការកើតឡើងសារជាថ្មី។
លោក ឧត្តមសេនីយ៍ឯក ឯក សំអូន បានផ្តាំផ្ញើអង្គភាពទាំងអស់ ត្រូវរំលឹកដាស់តឿន និងតាមដានជាប្រចាំនូវកម្មវិធីហ្វឹកហ្វឺន បើមានបញ្ហាអ្វីលំបាក ត្រូវរួមគ្នាដោះស្រាយឲ្យបានទាន់ពេលវេលា។ ត្រូវបំផុសចលនាប្រឡងប្រណាំងដណ្តើមយកស្នាដៃបុគ្គលល្អ ក្រុមល្អ បង្កបរិយាកាសឲ្យមានភាពរស់រវើក ដើម្បីពេលបញ្ចប់វគ្គបានទទួលប័ណ្ណសរសើរ និងលិខិតសរសើរ។ ក្រុមគ្រូត្រូវអនុវត្តភារកិច្ចរបស់ខ្លួន ឲ្យបានហ្មឹងម៉ាត់បំផុត ដោយធ្វើជាគំរូល្អដល់សិស្ស និងបញ្ចេញនូវទេពកោសល្យ អំពីសមត្ថភាព ទាំងចំណេះដឹងក្នុងការបង្រៀន ធ្វើយ៉ាងណាឲ្យសិស្សទទួលបានចំណេះដឹងពិតប្រាកដពេលបញ្ចប់វគ្គ។ សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់រៀនសូត្រ មានវិន័យខ្ពស់ គោរពបទបញ្ជាផ្ទៃក្នុងវគ្គ មានសាមគ្គីផ្ទៃក្នុងបានល្អ ធ្វើខ្លួនឲ្យស័ក្តិសមជាកងយោធពលខេមរភូមិន្ទ។
ចុងបញ្ចប់លោក ឧត្តមសេនីយ៍ឯក ក៏បានប្រកាសបើកវគ្គចាប់ពីថ្ងៃនេះតទៅ និងឧបត្ថម្ភដល់វគ្គហ្វឹកហ្វឺនចំនួន ២.០០០.០០០រៀលផងដែរ៕
ដោយ : សិលា