ភ្នំពេញ : សហរដ្ឋអាមេរិក៖ យុវតី កៅ ម៉េងហ័ង ជាសិស្សនៃវិទ្យាល័យ ហ៊ុន សែន ពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម បានធ្វើដំណើរទៅសហរដ្ឋអាមេរិក ដើម្បីផ្លាស់ប្តូរការសិក្សានៅសាកលវិទ្យាល័យ Virginia Tech កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២កន្លងទៅនេះ ដែលនេះបានបង្ហាញពីសមត្ថភាពទេពកោសល្យដ៏ខ្លាំងពូកែរបស់យុវសិស្សកម្ពុជា ក្រោមកំណែទម្រង់វិស័យអប់រំបែបឌីជីថល។ នេះបើយោងតាមការបញ្ជាក់អោយដឹងពី ក្រសួងអប់រំយុវជននិងកីឡា កាលពីម្សិលមុិញ ។
ក្រសួងអប់រំយុវជននិងកីឡា បានបន្តថា, បច្ចុប្បនុ្ន កញ្ញា កៅ ម៉េងហ័ង កំពុងសិក្សាលើមុខវិជ្ជា Electrical Engineering ដែលផ្តោតទៅលើ Automating Systems Using Microprocessors (ASUM) ហើយក៏កំពុងបង្កើតគម្រោង Robot ដែលអាចរើសសំរាមតាមដងផ្លូវដោយស្វ័យប្រវត្តិ ជាមួយសមាជិកក្រុមដែលមកពីប្រទេសផ្សេងទៀត។ ដោយឡែកនៅសប្តាហ៍ក្រោយ យុវសិស្សមកពីស្រុកកងមាសរូបនេះ នឹងធ្វើដំណើរទៅរដ្ឋធានី វ៉ាស៊ីនតោន ដើម្បីទៅធ្វើទស្សនកិច្ចសិក្សានៅអង្គការ NASA និង Capitol Hill ហើយគ្រោងនឹងត្រឡប់មកព្រះរាជាណាចក្រកម្ពុជាវិញ នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២។
សូមជម្រាបថា ក្រោមការដឹកនាំដោយក្រសួងអប់រំ យុវជន និងកីឡា យុវសិស្ស កៅ ម៉េងហ័ង បានក្លាយជា Student ambassador Technovation ប្រទេសកម្ពុជាឆ្នាំ២០២២ ជា Coordinator និង Local Champion of Technovation Girls Cambodia ជាប់ជ័យលាភី Technovation កម្រិត Senior Division ឆ្នាំ២០២២ និងជាប់ជ័យលាភី Popular award Technovation កម្ពុជា ឆ្នាំ២០២១ ចូលរួមកម្មវិធីប្រកួតប្រជែង e-Icon លើកទី១១ ដែលរៀបចំឡើងដោយសាធារណរដ្ឋកូរ៉េ និងចូលរួមកម្មវិធីប្រកួតប្រជែងជាតិ និងអន្តរជាតិជាច្រើនទៀត៕
ដោយ : សិលា