ភ្នំពេញ៖ នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦ លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននាំយកថវិការបស់សម្តេច និងថវិការបស់សប្បុរសជន ដែលទទួលបានពីការប្រគុំតន្ត្រីសប្បុរសធម៌ ជូនសមាគមសិល្បៈករខ្មែរ តាមរយៈ លោក អៀង ស៊ីថុល នូវថវិកាសរុបចំនួន ៥០.១០០.០០០រៀល និង ១០.៥១០ដុល្លារ។
លោក អៀង ស៊ីថុល បានជម្រាបរាយការណ៍ជូនលោកជំទាវឧបនាយករដ្ឋមន្ត្រីថា ៖ ក្នុងកម្មវិធីប្រគុំតន្ត្រីសប្បុរសធម៌ស្វែងរកមូលនិធីជូនដល់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ កាលពីរាត្រីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៦ នៅសាលមហោស្រពចតុមុខ ក្រុមសិល្បករខ្មែរបានសម្តែងជូនទស្សនិកជនដោយមិនគិតកម្រៃ និងបានឧបត្តម្ភដល់សិល្បករក្នុងម្នាក់ ១៥ដុល្លារ ដើម្បីជាការលើកទឹកចិត្ត ហើយការចំណាយនេះលើសផែនការចំនួន ៣.០០០ដុល្លារ ។
ដោយពិនិត្យឃើញការខិតខំប្រឹងប្រែងរបស់សិល្បករ លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ៣.០០០ដុល្លារ បន្ថែមជូនដល់សមាគមសិល្បៈករខ្មែរ៕
ដោយ៖ សុវណ្ណារ៉ា