ទំនាក់ទំនង ការបរទេសរវាងអូស្ត្រាលីនឹងចិនក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះមានសញ្ញាល្អប្រសើរឡើងវិញបន្ទាប់ពីមានជំនួបពិភាក្សាទ្វេភាគី ជាលើកដំបូងក្រោយរយៈពេល៣ឆ្នាំ កន្លងមក។
នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បានស្នើដល់ចិនលុបទណ្ឌកម្មសេដ្ឋកិច្ច ទៅលើទំនិញនាំចូលពីប្រទេសអូស្ត្រាលី ។ លោកបន្តទៀតថា ភាគីចិនមិនមានមូលហេតុអ្វីដើម្បីបន្តដាក់ទណ្ឌកម្មទៅលើទំនិញអូស្ត្រាលីទៀតឡើយ។
នៅក្នុងបទសម្ភាសន៍មួយតាមកញ្ចក់ទូរទស្សន៍ នាថ្ងៃទី២៤ខែកក្កដាស្តីពីទំនាក់ទំនងដៃគូជាមួយចិន នាយករដ្ឋមន្ត្រីអូស្ត្រាលីបញ្ជាក់ថា ចិនគួរតែលុបរាល់ទណ្ឌកម្មទាំងឡាយទៅលើប្រទេសអូស្ត្រាលីដើម្បីផលប្រយោជន៍ប្រទេសទាំងពីរ។ ជាថ្មីម្តងទៀត រដ្ឋាភិបាលអូស្ត្រាលី ចង់ឱ្យចិនលុបទណ្ឌកម្មដើម្បីបង្កើនទំនាក់ទំនងរវាងគ្នាឱ្យកាន់តែប្រសើរឡើងវិញ។
ចិននិងអូស្ត្រាលីបានបង្កើតទំនាក់ទំនងការទូតតាំងពីឆ្នាំ១៩៧២។ ទំនាក់ទំនងចិននិងអូស្ត្រាលីប្រឈមមុខតានតឹងដាក់គ្នា បន្ទាប់ពីអូស្ត្រាលីហាមប្រាមបណ្តាញទូរគមនាគមន៍ ហួវៃ របស់ចិន ។ ក្រៅពីនេះអូស្រ្តាលីក៏បានចូលរួមជាមួយអាមេរិកដាក់ទណ្ឌកម្មជាច្រើនទៅលើប្រទេសចិន ទើបធ្វើឱ្យចិនដាក់ទណ្ឌកម្មសងសឹកវិញ៕ ដោយធីរីណា
រូបថត : Macleay Argus