ចំពោះការប្រឈមនឹងកង្វះថាមពលអគ្គិសនីនៅរដូវរងាខាងមុខ រដ្ឋាភិបាលបារាំងមានគម្រោង ចេញច្បាប់ទប់ស្កាត់ការប្រើប្រាស់អគ្គិសនីខ្ជះខ្ជាយ ។ រដ្ឋាភិបាលនឹងសម្រេចផ្អាកការផ្សាយពាណិជ្ជកម្ម នៅតាមទីសាធារណៈដែលប្រើអគ្គិសនីច្រើន។
រដ្ឋមន្ត្រីក្រសួងថាមពលបារាំង លោក ស្រី Agnès Pannier-Runacher នៅថ្ងៃទី ២៤ខែកក្កដាបាននិយាយទៅកាន់សារព័ត៌មាន(Journal du Dimanche)ថា រដ្ឋាភិបាលនឹងចេញច្បាប់ថ្មីចំនួន២ដើម្បីសន្សំសំចៃថាមពល ទប់ស្កាត់ការកង្វះថាមពលនៅរដូវរងាខាងមុខ។
ច្បាប់ថ្មីនោះនឹងហាមប្រាមរាល់បដាពណិជ្ជកម្មត្រូវផ្អាកបើកភ្លើងចាប់ពី ម៉ោង ១ដល់ម៉ោង៦ព្រឹក លើកលែងតែទីតាំងស្ថានីយរថភ្លើង អាកាសយានដ្ឋាន ។ ច្បប់ទីពីរគឺស្នើដល់បណ្តាក្រុមហ៊ុនដែលប្រើប្រាស់ប្រព័ន្ធធ្វើឱ្យត្រជាក់ក្នុងរដូវក្តៅ និងប្រើប្រាស់ភ្លើងដើម្បីកម្តៅក្នុងរដូវរងាត្រូវតែបិទទ្វារកុំឲ្យកម្តៅ ឬត្រជាក់ចេញក្រៅធ្វើឱ្យការប្រើប្រាស់អគ្គិសនីកើនឡើង ។ បើក្រុមហ៊ុនណាបំពាននឹងត្រូវពិន័យជាទឹកប្រាក់ ចាប់ពី៧៥០-១៥០០អឺរ៉ូ។
រដ្ឋមន្ត្រីក្រសួងថាមពលបារាំង បញ្ជាក់ថា ការចេញច្បាប់ខាងលើ នឹងជួយសង្សំសំចៃអគ្គិសនីបានដល់ទៅ ២០% ក៏ដូចជាធានាដល់បណ្តាក្រុមហ៊ុនផលិតអាចបន្តរក្សាការផលិតរបស់ខ្លួនដើម្បីផ្គត់ផ្គង់នៅលើទីផ្សារ ។
ក្រៅពីប្រទេសបារាំង ប្រទេសជាច្រើនទៀតនៅក្នុងតំបន់អឺរ៉ុបត្រូវប្រឈមនឹងបញ្ហាថាមពលយ៉ាងខ្លាំងនៅក្នុងរដូវក្តៅនិងរដូវរងាខាងមុខ ។ ប្រសិនបើរុស្ស៊ីកាត់ផ្តាច់ការផ្គត់ផ្គង់ថាមពលហ្គាសទៀតនោះការប្រឈមមុខនឹងកាន់តែច្រើន ។ តាមតួលេខបានបង្ហាញឱ្យឃើញថា នៅពេលនេះបារាំង ទើបតែបំពេញឃ្លាំងស្តុកថាមពលបានតែ៦០%ប៉ុណ្ណោះ គឺតិចជាងការកំណត់មាន៨០%៕ ដោយធីរីណា
រូបថត : Le Parisien
រូបថត : TTXVN-VNA