ភ្នំពេញ : ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្រោមព្រះរាជតម្រិៈដង្ហែតាមព្រះរាជសកម្មភាពដ៏វិសេសវិសាលជាប្រវត្តិសាស្រ្តនៃ ព្រះករុណា ព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាស្ថាបនាជាតិ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលពេញមួយព្រះជន្មរបស់ព្រះអង្គ តែងតែតម្កល់ឧត្តមប្រយោជន៍ជាតិជាធំនៅគ្រប់កាលៈទេសៈទាំងអស់ និងជាពិសេសចំពោះសុខទុក្ខក្នុងការរស់នៅ កសាងអភិវឌ្ឍន៍ប្រជាជាតិឲ្យមានភាពរុងរឿងថ្កុំថ្កើន ចាប់តាំងពីសម័យសង្គមរាស្រ្តនិយមដ៏រុងរឿងនៃយើង ព្រះអង្គទាំងទ្វេស្តេចសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជទ្រព្យផ្ទាល់ដ៏ថ្លៃថ្លាចំនួន ១លាន ៥០មុឺនដុល្លារអាមេរិក ( ព្រះករុណា ព្រះមហាក្សត្រ ចំនួន ៥០មុឺនដុល្លារ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ចំនួន ១លានដុល្លារ )ដើម្បីចូលរួមដោះស្រាយបញ្ហាគ្រាប់មីន នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដើម្បីធានាដល់ការរស់នៅ និងអភិវឌ្ឍន៍ជាតិមាតុភូមិកម្ពុជា ៕
ដោយ : សិលា