ភ្នំពេញ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា ចំនួនគោលដៅសរុប ១៦១គោលដៅ មានយានយន្តចូលគោលដៅចំនួន ២.៦៨៣គ្រឿង ម៉ូតូ ២.២០៤គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ៧៣៩គ្រឿង មានម៉ូតូចំនួន ៦៥៦គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ នេះបើយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងនៅរសៀលថ្ងៃចន្ទទី២៥ ខែកក្កដា ឆ្នាំ២០២២។
ដោយឡែកក្នុងរយៈពេល២៥ថ្ងៃ(ថ្ងៃទី០១-២៥ ខែកក្កដា) ការរឹតបន្ដឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក យានយន្តចូលគោលដៅមានចំនួន ៧៣.៩៩៩គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៨.៣៩៣គ្រឿង ម៉ូតូមានចំនួន ៧.០៧០គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែលបានវាយតម្លៃរយៈពេល២៥ថ្ងៃនៃខែកក្កដានេះ ឃើញថា ការអនុវត្តតាមអនុក្រឹត្យ ការផាកពិន័យយានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ។
ជាមួយគ្នានោះ របាយការណ៍របស់អគ្គស្នងការនគរបាលជាតិ ក៏បានបង្ហាញពីករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី២៥ ខែកក្កដានេះ បណ្តាលឱ្យមនុស្សស្លាប់ចំនួន៥នាក់(ស្រី២នាក់) របួសធ្ងន់៥នាក់(ស្រី១នាក់) និងរបួសស្រាល ២នាក់ ។
ជាក់ស្ដែងយោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២៥ ខែកក្កដា បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់និងរបួសចំនួន១២នាក់ កើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន ៧លើក ៕ដោយ៖ស តារា