ប្រភពនៃពាក្យថា ជ័យហោង សួស្តិ៍ហោង
កាលពីព្រេងនាយមានក្មេងស្រីម្នាក់កម្សត់អត់ឪពុកមានតែម្ដាយ។ សម័យមួយជាពេលស្រុកកើតទុរ្ភិក្សអត់បាយ នាងទៅស្វែងរកមើលឈើជាមួយអ្នកស្រុក ដល់ពេលស្រេកទឹកនាងបានផឹកទឹកនោមដំរីដែលដក់នៅនឹងស្នាមជើងដំរីមួយដោយសម្គាល់ថាទឹកល្អ។ ផឹកហើយ នាងក៏មានផ្ទៃពោះប្រសូតមកជាកូនប្រុសឲ្យឈ្មោះថា” ជ័យ” ។ក្រោយពីនោះនាងយកប្ដីបានកូនប្រុសមួយទៀតឲ្យឈ្មោះថា” សួស្តិ៍ “។
គ្រានោះស្ដេចក្នុងនគរនោះទ្រង់សោយព្រះទីវង្គតទៅ គ្មានព្រះរាជបុត្រដំណវង្ស អ្នកនគរនាំគ្នាធ្វើពិធីផ្សងដំរីដើម្បីរកអ្នកមានបុណ្យធ្វើស្ដេចដំរីទៅក្រាបនៅត្រង់ចុងជើងជ័យនិងសួស្ដិ៍ដែលកំពុងដេកក្រោមដើមឈើមួយ។ គេឃើញថា ជ័យនិងសួស្ដិ៍ជាអ្នកមានអភិនិហារគួរសោយរាជ្យ ក៏អញ្ជើញមកសោយរាជ្យអភិសេក ជ័យជាស្ដេចសួស្ដិ៍ ជាឧបរាជ។ ក្នុងពេលដែលអភិសេកនោះ គេស្រែកប្រកាសថា ជ័យហោង! សួស្ដិ៍ហោង! មែនហោហ! គ្រប់វារៈបីដង ទើបស្រោចទឹក។
ដោយហេតុជ័យសួស្ដីជាអ្នកមានអំណាច ហើយពាក្យថា ជ័យសួស្ដិ៍ជាពាក្យមង្គលផង ទើបគេយកមកប្រើក្នុងមង្គលការដរាបមកដល់សព្វថ្ងៃនេះ៕
(ស្រាវជ្រាវស្រង់តាមច្បាប់ដើមដោយ ចៅតាជេត)