ភ្នំពេញ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា បុរសម្នាក់បានបើករថយន្តតូយ៉ូតាព្រូសជូនប្រពន្ធទៅសម្រាលកូននៅមន្ទីរពេទ្យ ហើយពេលកំពុងបើកនៅតាមផ្លូវក៏ជួបនឹងគ្រោះថ្នាក់ចរាចរណ៍ ដោយបុកគ្នាជាមួយរថយន្តមួយគ្រឿងទៀតយ៉ាងពេញទំហឹងបណ្តាលឱ្យរថយន្តទាំងពីរគ្រឿងរងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវលេខ៣៣៧ កែងផ្លូវលេខ៥២៨ ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ។
យោងទៅតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានបញ្ជាក់ឱ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាក Toyota PrIus មួយគ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 2AU-0346 បើកដោយបុរសជាប្តី និងរួមដំណើរដោយស្ត្រីជាប្រពន្ធ ធ្វើណើរតាមបណ្តោយផ្លូវលេខ៥២៨ ក្នុងទិសដៅពីជើងទៅត្បូង គោលបំណងជូនប្រពន្ធទៅសម្រាលកូននៅមន្ទីរពេទ្យ ។
ប្រភពដដែលបន្តថា លុះពេលធ្វើដំណើរមកដល់ត្រង់ចំណុចកើតហេតុខាងលើ ត្រង់ផ្លូវបំបែកជាបួនស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាក Hyundai ប្រភេទ១២កៅអី ពណ៌ទឹកដោះគោ ពាក់ស្លាកលេខភ្នំពេញ3E-5158 បើកបរដោយបុរសម្នាក់ធ្វើដំណើរឆ្លងកាត់ទទឹងផ្លូវតាមបណ្តោយផ្លូវលេខ៥២៨ពីកើតទៅលិចក្នុងល្បឿនលឿន ។ ខណៈពេលបើកមកដល់ចំណុចកើតហេតុ រថយន្ត Hyundai ក៏បុកផ្ទប់ចំទ្វាររថយន្ដព្រូសខាងស្តាំបណ្តាលឱ្យរថយន្តតូយ៉ូតាព្រូសវិលក្បាលត្រឡប់ក្រោយមួយជុំ រងការខូចខាតខ្ទេចមួយចំហៀងខាងឆ្វេងរថយន្ត ។
ប្រភពដដែលបន្តទៀតថា ចំណែករថយន្ត Hyundai វិញរងការខូចខាតខាងមុខតិចតួច។ បន្ទាប់ពីកើតហេតុ ម្ចាស់រថយន្តតូយ៉ូតាព្រូស មិនបាននៅតវ៉ាអ្វីច្រើននោះទេបាននាំប្រពន្ធចេញពីក្នុងរថយន្ត និងរកមធ្យោបាយធ្វើដំណើរផ្សេង ដើម្បីជូនប្រពន្ធទៅសម្រាលកូនសិន ។
ក្រោយពេលកើតហេតុនៅសល់តែរថយន្តទាំងពីរគ្រឿងត្រូវបានសមត្ថកិច្ចមូលដ្ឋានប្រគល់ឱ្យសមត្ថកិច្ចជំនាញ ធ្វើការវាស់វែង រួចយកទៅរក្សាទុកបណ្តោះអាសន្ននៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយបន្តនៅពេលក្រោយ ៕
ដោយ សិលា