រដ្ឋាភិបាលអង់គ្លេសបានឡើងគម្រោង ទប់ស្កាត់ការខ្វះថាមពលប្រើប្រាស់ក្នុងរដូវរងារខាងមុខ ។រដ្ឋាភិបាលនឹងស្នើឲ្យបិទភ្លើងដែលមិនមានសារសំខាន់ ក្នុងនោះមានបដាពាណិជ្ជកម្ម ជាដើម។
សារព័ត៌មាន Telegraph បានផ្សាយថា រដ្ឋាភិបាល អង់គ្លេសបានឡើងគម្រោងទប់ស្កាត់ការកង្វះថាមពល អគ្គិសនី និង ឧស្ម័នហ្គាសសម្រាប់ដុតកម្តៅនៅរដូវរងារខាងមុខ ។ ដើម្បីសន្សំសំចៃទុកប្រើប្រាស់ក្នុងពេលចាំបាច់ ។ ក្រោយពេលគម្រោងខាងលើត្រូវបានអនុម័ត រដ្ឋាភិបាលនឹងប្រកាសតាមប្រព័ន្ធផ្សព្វផ្សាយជាសាធារណៈ អំពាវនាវឲ្យពលរដ្ឋ កាត់បន្ថយការប្រើប្រាស់ថាមពល ។
នាយកដ្ឋានអគ្គិសនីជាតិអង់គ្លេស បានជួបប្រជុំនាពេលថ្មីៗនេះជាមួយតំណាង ក្រុមហ៊ុនឧស្សាហកម្មធំៗ ស្តីពីការប្រើប្រាស់អគ្គិសនីដោយសន្សំសំចៃ ។ កិច្ចប្រជុំដើម្បីត្រៀមលក្ខណៈទប់ស្កាត់ ពេលបណ្តាញអគ្គិសនីក្នុងប្រទេសនេះផ្អាកដំណើរការ។
គម្រោងខាងលើរបស់អង់គ្លេស ត្រូវបានដាក់ចេញក្នុងពេលដែលប្រទេសអង់គ្លេស ក៏ដូចជាប្រទេសនៅក្នុងតំបន់អឺរ៉ុបទាំងមូលប្រឈមកង្វះថាមពល និងតម្លៃថាមពលឡើងថ្លៃ ៕
រូបថត :RT