ភ្នំពេញ៖ លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួត ប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានថ្លែងឱ្យដឹងនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២នេះថា៖ បន្ទាប់ពីសហភាពអឺរ៉ុប បានរកឃើញផលិតផលមីកញ្ចប់ ដែលនាំចូលពីប្រទេសវៀតណាមមួយចំនួន មានសារធាតុអេទីឡែនអុកស៊ីត (ethylene oxide) ដែលជាសារធាតុហាមឃាត់លើសកម្រិត ភាគីប្រទេសកម្ពុជានឹងធ្វើការពិនិត្យលើផលិតផលមីកញ្ចប់វៀតណាមប្រភេទនោះ។ លោក ផាន អូន បានបន្ថែមថា ក្នុងករណីរកឃើញ មីកញ្ចប់ប្រភេទនោះ កំពុងចរាចរណ៍ទីផ្សារនៅក្នុងប្រទេសកម្ពុជា អគ្គនាយកដ្ឋាន ក.ប.ប នឹងចាត់វិធានប្រមូលយកទាំងអស់។
ប្រតិភូរាជរដ្ឋាភិបាលរូបនេះ បានគូសបញ្ជាក់ថា៖ «ទាក់ទងនឹងសារធាតុអេទីឡែនអុកស៊ីត (ethylene oxide) ដែលជាសារធាតុហាមឃាត់លើសកម្រិត យើងក៏បានប្រជុំជជែកគ្នា កាលពីម្សិលមិញ ដើម្បីពិនិត្យមើលលើវិធានការចំនួន៣ ក្នុងការអនុវត្ដ ក្រោយខាងសហភាពអឺរ៉ុប បានរកឃើញនៅក្នុងមីកញ្ចប់ ដែលនាំចូលពីប្រទេសវៀតណាម»។
លោក ផាន អូន បានថ្លែងបន្តថា តាមការស្រាវជ្រាវរបស់អគ្គនាយកដ្ឋាន ក.ប.ប បានបញ្ជាក់ថា ការនាំចូលមីកញ្ចប់ មានរយៈពេលយូរមកហើយ ដូច្នេះដើម្បីជាវិធានការបង្ការ អគ្គនាយកដ្ឋាន ក.ប.ប នឹងចាត់មន្ដ្រីចុះត្រួតពិនិត្យ ថាតើមីកញ្ចប់ប្រភេទនោះ មានការធ្វើចរាចរណ៍ នៅក្នុងប្រទេសកម្ពុជាដែរ ឬទេ។
អគ្គនាយកនៃអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួត ប្រជែង និងបង្ក្រាបការក្លែងបន្លំ បានគូសបញ្ជាក់ថា បើសិនជារកឃើញមីកញ្ចប់ប្រភេទនោះ កំពុងចរាចរណ៍ទីផ្សារ នៅក្នុងប្រទេសកម្ពុជា អគ្គនាយកដ្ឋាន ក.ប.ប នឹងចាត់វិធានប្រមូលយកទាំងអស់។
លោក ផាន អូន បានបន្ថែមថា អគ្គនាយកដ្ឋាន ក.ប.ប នឹងសហការជាមួយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដើម្បីដាក់ជាទំនិញមីកញ្ចប់ប្រភេទនោះ ជាទំនិញមានហានិភ័យ ដោយត្រូវមានការបញ្ជាក់វិញ្ញាបនបត្រ ដែលបញ្ជាក់ថា គ្មានសារធាតុអេទីឡែនអុកស៊ីត។
សូមជម្រាបថា ប្រទេសអាល្លឺម៉ង់ បានចេញការព្រមានចំពោះផលិតផលមីកញ្ចប់ ដែលនាំចូលពីប្រទេសវៀតណាមមួយចំនួន ដែលមានសារធាតុអេទីឡែនអុកស៊ីត (ethylene oxide) ដែលជាសារធាតុហាមឃាត់លើសកម្រិត។ នេះបើយោងតាមកាសែត VN Express របស់វៀតណាម។
ជាមួយគ្នានោះ កាសែត VN Express បានរាយការណ៍ថា៖ អាជ្ញាធរអនាម័យ និងភូតគាមអនាម័យ និងស៊ើបអង្កេតវៀតណាម (SPS) ស្ថិតក្រោមក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម បានឲ្យដឹងថា ខ្លួនបានទទួលការព្រមានពីសហភាពអឺរ៉ុប ទាក់ទងនឹងផលិតផលមីកញ្ចប់មួយចំនួន ដែលនាំចេញដោយក្រុមហ៊ុនវៀតណាម។
គួរបញ្ជាក់ថា ប្រទេសអាឡឺម៉ង់ បានចេញការព្រមានអំពីផលិតផលមីកញ្ចប់ ដែលមានរសជាតិសាច់មាន់ ដែលផលិតដោយក្រុមហ៊ុន Asiafoods Corporation ដោយសារមានផ្ទុកកម្រិតអេទីឡែនអុកស៊ីតខ្ពស់ ជាងស្តង់ដារសហភាពអឺរ៉ុប៕
ដោយ៖សហការី