កូរ៉េខាងជើងព្រមានកម្ទេចកូរ៉េខាងត្បូង និងអាមេរិក

ចែករំលែក៖

មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានលើកឡើងថា រដ្ឋាភិបាលកូរ៉េខាងត្បូង Yoon Suk-yeol និងកម្លាំងទាហានរបស់ប្រទេសនេះអាចប្រឈមនឹងការកម្ទេចទាំងស្រុង ប្រសិនបើទីក្រុងសេអ៊ូលមានសកម្មភាពបង្កគ្រោះថ្នាក់ណាមួយដល់កូរ៉េខាងជើង។

សារព័ត៌មានយ៉ុងហាប់របស់កូរ៉េខាងត្បូង បានដកស្រង់ប្រភពព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងដែលបានឱ្យដឹងថា មេដឹកនាំកូរ៉េខាងជើងបានព្រមានដល់រដ្ឋាភិបាលកូរ៉េខាងត្បូង និងកម្លាំងទាហាន ។ ការព្រមានខាងលើ ក្នុងពេលដែលកូរ៉េខាងជើងប្រារព្វខួប៦៩ឆ្នាំ ថ្ងៃចុះកិច្ចព្រមព្រៀងឈប់បាញ់ក្នុងសង្រាមឧបទ្វីបកូរ៉េឆ្នាំ ១៩៥០-១៩៥៣។
ក្នុងពេលនេះដែរមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថា ប្រទេសរបស់លោកបានត្រៀមខ្លួនជាស្រេចក្នុងការប្រឈមមុខដោយយោធាជាមួយសហរដ្ឋអាមេរិក បន្ទាប់ពីក្រសួងការបរទេសកូរ៉េខាងជើង បានព្រមានទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូលពីលទ្ធភាពនៃការផ្ទុះសង្រ្គាមកូរ៉េជាលើកទី២។
ការកត់សម្គាល់ខាងលើរបស់លោក គីម ជុងអ៊ុន ធ្វើឡើងក្នុងសុន្ទរកថាមួយនាឱកាសនៃការប្រារព្ធខួបលើកទី៦៩ នៃបទឈប់បាញ់សង្រ្គាមកូរ៉េ ថ្ងៃទី២៧ ខែកក្កដា ដែលនៅតែទុកឱ្យកូរ៉េទាំង២ជាលក្ខណៈបច្ចេកទេសនៅតែស្ថិតនៅក្នុងស្ថានភាពសង្រ្គាមនៅឡើយ។ តាមរយៈការដកស្រង់សម្ដី ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA លោក គីម ជុងអ៊ុន បានគូសបញ្ជាក់ដូច្នេះថា «ជាថ្មីម្ដងទៀត ខ្ញុំចង់បញ្ជាក់ឱ្យច្បាស់ថាកូរ៉េខាងជើងត្រៀមខ្លួន ជាស្រេចដើម្បីប្រឈមមុខដោយយោធាជាមួយសហរដ្ឋអាមេរិក»។
កូរ៉េខាងជើង កាលពីប៉ុន្មានខែថ្មីៗនេះបានធ្វើតេស្ដមីស៊ីលជាបន្តបន្ទាប់ ក្នុងនោះរួមមានទាំងមីស៊ីលល្បឿនលឿនជាងសំឡេង ខណៈក្រុម មន្ត្រីអាមេរិកជឿជាក់ថារបបដឹកនាំលោក គីម ជុងអ៊ុន អាចនឹងធ្វើតេស្ដអាវុធនុយក្លេអ៊ែរឡើងវិញ ជាលើកដំបូងចាប់តាំងពីឆ្នាំ ២០១៧មក៕ ដោយធីរីណា

...

រូប​ថត​ :​KCNA

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print