ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅព្រលប់ថ្ងៃព្រហស្បតិ៍ទី២៨ ខែកក្កដា ឆ្នាំ២០២២នេះថា៖ យោងតាមសេចក្តីបំភ្លឺព័ត៌មាន របស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងវិធានការរបស់សមត្ថកិច្ច ចំពោះករណីក្មេងស្រីម្នាក់ ត្រូវបានបុរសជាមេការខារ៉ាអូខេ DM នៅខណ្ឌទួលគោក ចាប់រំលោភ។
របាយការណ៍ដដែលបន្តថា កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ ប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដេប៉ូទី៣ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានទទួលពាក្យបណ្តឹងពីឈ្មោះ ន ស ព ភេទស្រី អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកខារ៉ាអូខេ ឌីអឹម ដោយបានប្តឹងពីឈ្មោះ អ៊ូ ហុង ភេទប្រុស អាយុ ៥៧ឆ្នាំ មុខរបរ មេការខារ៉ាអូខេ ឌីអឹម ករណី រំលោភសេពសន្ថវៈ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ ។ បន្ទាប់ពីទទួលពាក្យបណ្តឹងពីជនរងគ្រោះ សមត្ថកិច្ចប៉ុស្តិ៍គរបាលរដ្ឋបាលផ្សារដេប៉ូ៣ បានបញ្ជូនសំណុំរឿងមកការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដេីម្បីអនុវត្តបន្ត ដោយសមត្ថកិច្ចជំនាញចុះធ្វើការស៊ើបអង្កេត និងស្រាវជ្រាវ ជាលទ្ធផលបានឲ្យដឹងថា ជនសង្ស័យខាងលើកំពុងរត់គេចខ្លួន ។
បច្ចុប្បន្នការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានកំពុងស្វែងរកជនសង្ស័យ និងបានកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ដោយ៖សហការី