កូនត្រីពូជ៦ម៉ឺនក្បាល និងត្រីមេពូជស្រែចំនួន១១០គ.ក ត្រូវបានព្រលែងក្នុងអាងទឹកអូរមាន ស្រុកសណ្តាន់ ខេត្តកំពង់ធំ

ចែករំលែក៖

(ខេត្តកំពង់ធំ)÷ នៅថ្ងៃទី២៨ខែ កក្កដា ឆ្នាំ ២០២២ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងលោកស្រី បានអញ្ជើញជាអធិបតីភាពក្នុងពិធីលែងកូនត្រីពូជ ត្រីមេពូជ នៅក្នុងអាងទឹកអូរមាន ស្ថិតនៅក្នុងឃុំមានជ័យ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ។ ដោយមានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត អភិបាលស្រុក ប្រធានមន្ទីរអង្គភាព មន្រ្តីរាជការ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាង៥០០នាក់។

      លោក ប៉ែន វណ្ណរឹទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានអានរបាយការណ៍អំពីស្ថានភាពការងារក្នុងការអនុវត្តន៍នាកន្លងមក និងបញ្ជាក់អំពីមេពូជជាប្រភេទត្រីស្រែមានចំនួន១១០គ.ក ចំណែកកូនត្រី៦០០០០ក្បាល ក្នុងនោះមានត្រីឆ្ពិន២៥០០០ក្បាល ត្រីក្រហែ២៥០០០ក្បាល ត្រីព្រលូង១០០០០ក្បាលក្នុងឆ្នាំនេះបន្ទាប់ពីមានការខកខានមិនបានប្រារព្វពិធីរយះពេល២ឆ្នាំកន្លងមកនេះ ដោយសារតែបញ្ហាវិបត្តិជម្ងឺកូវិដ-១៩ តែក្នុងនោះក៏មានការព្រលែងក្នុងសហគមន៍ស្រះជម្រកត្រី លក្ខណៈតូចៗ ដោយផ្អែកតាមអនុសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចតេជោហ៊ុន សែន តម្រូវឲ្យរៀបចំស្រះជម្រកត្រីសហគមន៍ ឲ្យបានមួយកន្លែង ក្នុង១ឃុំ ឥឡូវនេះខណ្ឌបង្កើតបានចំនួន៥៩កន្លែង លើ៨១ ឃុំនៃខេត្តកំពង់ធំ។

  

     ក្នុងឱកាសប្រារព្ធពិធីលែងកូនត្រីពូជនោះលោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បាន វាយតម្លៃខ្ពស់ចំពោះសមិទ្ធផល ទាំងឡាយដែលខណ្ឌរដ្ឋបាលជលផលកំពង់ធំ សម្រេចបានក្នុងរយៈកាលកន្លងមក នេះ និងបានកោតសរសើរចំពោះ ក្រុមការងាររបស់ខណ្ឌរដ្ឋបាលជលផលកំពង់ធំ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងបានសហការណ៏ជាមួយទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហប្រត្តិ បត្តិការអន្តរជាតិ (GIZ) តាមរយៈគម្រោង អភិវឌ្ឍវារីវប្បកម្ម និង សហគមន៍ស្រះ ជម្រកត្រីប្រកបដោយនិរន្តរភាព( SAFR) និងដៃគូអភិវឌ្ឍន៍នានាដែលបានរៀបចំពិធី ” លែងកូនត្រីពូជ “ឡើងនាថ្ងៃនេះ ។

     លោកអភិបាលខេត្តបានបន្ដថា កំណើនប្រជាពលរដ្ឋ និងកំណើនប្រជានេសាទដែល រស់នៅជុំវិញបឹងទន្លេសាប ក៏មានការកើនឡើង ធ្វើឲ្យមានផលប៉ះពាល់ជាអវិជ្ជមានដល់ធនធានជលផល និងធនធានធម្មជាតិ និងត្រូវចាត់វិធានការយាមការពារកន្លែងអភិរក្សជលផលដោយសហការ ជាមួយអាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ និងសហគមន៍នៅមូលដ្ឋាន ដើម្បីឲ្យត្រីមេពូជពង កូនបន្តពូជធ្វើឲ្យសម្បូរផល ត្រីទៅឆ្នាំក្រោយទៀត និងបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមេត្តាកុំប្រើឧបករណ៍នេសាទ ល្មើសច្បាប់ ក្នុងការធ្វើនេសាទជាពិសេសគឺឧបករណ៍ឆក់ និងស្បៃមុង និងឧបករណ៍ហាមឃាត់ជាច្រើនទៀត ។

       ចុងក្រោយលោក ងួន រតនៈ បានជម្រុញឲ្យសមហាជន មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ត្រូវមានស្មារតីចូលរួមការពារអភិរក្ស និងមានចាត់វិធានការយាមការពារកន្លែងអភិរក្សជលផលទាំងអស់បានលទ្ធផលល្អ ដោយសហការជាមួយអាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ និងសហគមន៍នៅមូលដ្ឋាន ដែលយើងសង្ឃឹមថាត្រីមេពូជទាំងនេះ កំពុងពងកូនបន្តពូជធ្វើឲ្យ សម្បូរផលត្រីទៅឆ្នាំក្រោយទៀត ។

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print