ខេត្តពោធិ៍សាត់៖ អនុគណៈកម្មការបង្ក្រាបបទល្មើសជលផលថ្នាក់ខេត្ត ដឹកនាំដោយលោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ ដោយមានការចូលរួមពីលោកនាយផ្នែកក្រគរ លោកនាយ-នាយ រងសង្កាត់កណ្ដៀង កងរាជអាវុធហត្ថខេត្ដ-ស្រុកកណ្ដៀង កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត មន្ត្រីបរិស្ថាន និងយោធាខេត្ដ ដែលមានកម្លាំងសរុបចំនួន ២០នាក់ និងមធ្យោបាយកាណូតចំនួន ០៥គ្រឿង នៅថ្ងៃសុក្រ ១កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ បានចុះល្បាតព្រៃលិចទឹក ផ្សព្វផ្សាយអប់រំណែនាំដល់ប្រជានេសាទ និងបង្ក្រាបបទល្មើសនេសាទ ចាប់ពីកន្លែងអភិរក្សជលផលលេខ០៦ រហូតដល់ចំនុចព្រែកកំពង់គុជ ស្ថិតកក្នុងភូមិព្រែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្ត ពោធិ៍សាត់ ។
លោកវរសេនីយ៍ឯក សៀន វិរ: នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានឲ្យដឹងថា គោលដៅនៃការល្បាតនេះមានគោលបំណងផ្សព្វផ្សាយអប់រំដល់ប្រជានេសាទឲ្យយល់ដឹងនិងចូលរួមការពារមឆ្ឆាជាតិគ្រប់ប្រភេទក្នុងរដូវបិទនេសាទនេះឲ្យបានល្អប្រសើរ។
លោកបន្តថា ក្នុងការបង្ក្រាបនេះ សមត្ថកិច្ចចម្រុះបានប្រមូលវត្ថុតាងមានដូចជា: របាំងស្បៃមុង ចំនួន១៣ខ្សែប្រវែង ២.៦០០ម៉ែត្រ,លូកងស្បៃមុង ចំនួន ១៥ មាត់,បង្គោល ចំនួន ៨៦០ ដើម,និងត្រីចម្រុះ ចំនួន២៥គីឡូក្រាម ។ ចំពោះវត្ថុតាង សមត្ថកិច្ចបានបំផ្លាញចោលនៅហ្នឹងកន្លែង និងបានចាក់លែងត្រីចម្រុះចំនួន២៥គីឡូក្រាមចូលក្នុងទន្លេវិញ ៕ដោយ៖សហការី