ភ្នំពេញ ៖ បុរសម្នាក់ស្រវឹងស្រាឡើងទន់ខ្លួនបានបើកឡំប្រឺតា បើកប៉ះជាមួយរថយន្តទំនើប បណ្ដាលឲ្យក្រឡាប់ផ្ងារជើងម្ខាង បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជាខ្លាំង កាលពីវេលាម៉ោង៨ និង៤០នាទីយប់ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចផ្សារនាគមាស តាមបណ្ដោយផ្លូវ២៣០ ក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅពេលកើតហេតុគេឃើញរថយន្តស៊េរីទំនើបម៉ាក PEUGEOT ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2BS-6886 បើកបរដោយបុរសម្នាក់និងស្ត្រីម្នាក់ទៀតរួមដំណើរជាមួយតាមបណ្ដោយផ្លូវ២៣០ ទិសដៅពីលិចទៅកើតក្នុងល្បឿនល្មម ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានបុរសម្នាក់បើកឡំប្រឺតា ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ1IK-2356 ទិសដៅបញ្ច្រាស់គ្នាយ៉ាងលឿននិងស្រវឹងស្រាផងនោះ បានជ្រុលទៅកៀររថយន្តស៊េរីទំនើបខាងលើបណ្ដាលឲ្យក្រឡាប់ផ្ងារជើងម្ខាងដោយខ្លួនឯង នេះសំណាងដែរមិនរងរបួស និងប៉ះដល់បងប្អូនប្រជាពលរដ្ឋ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ដោយឃើញស្ថានភាពផ្លូវមានការកក់ស្ទះចរាចរណ៍ពេក ក៏បាញ់ថ្នាំរួចលើឡំប្រឺតាយកមកអែបខាង ព្រមទាំងសម្របសម្រួលដល់ភាគីទាំងពីរ ។ចុងក្រោយម្ចាស់រថយន្តស៊េរីទំនើបទាសំណង នៃការខូចខាតចំនួន១០០$ ពីម្ចាស់ឡំប្រឺតា ដើម្បីបញ្ចប់រឿង ៕ ដោយ ៖ ភារ៉ា ដង្កោ