រថយន្តព្រូស បុកជាមួយរថយន្តហាយឡេនឌ័រ នៅលើផ្លូវ៦០ម៉ែត្រ រងការខូចខាតទាំងសងខាង រួចភាគីទាំងពីរជជែកយកតែត្រូវរៀងខ្លួន

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តតូយូតា ព្រូស រួចបត់ទៅបុកជាមួយរថយន្តហាយឡេនឌ័រ បណ្ដាលឲ្យរងការខូចខាតទាំងសងខាងយ៉ាងដំណំ រួចភាគីទាំងពីរបានចុះមកជជែកយកតែត្រូវរៀងៗខ្លួន ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុនោះគឺ មានរថយន្តតូយូតា ព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AN-9801 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ទិសដៅពីជើងមកត្បូង ខណៈមកដល់ចំណុចកើតហេតុក៏បានបត់ឆ្វេងបំណងត្រឡប់ក្រោយ តែពេលបត់បានបន្តិចស្រាប់មានរថយន្តម៉ាក ហាយឡេនឌ័រ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AJ-3314 បើកបរដោយបុរសម្នាក់ធ្វើដំណើរស្របទិសគ្នា និងវ៉ាឆ្វេងបានបន្តិចក៏ត្រូវរថយន្តតូយូតា ព្រូស បុកចំក្បាលរថយន្តហាយឡេនឌ័រ ចំហៀងខាងស្ដាំ បណ្ដាលឲ្យរងការខូចខាតខ្លាំងគួរសម ។  រីឯរថយន្តតូយូតា ព្រូស ក៏រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំផងដែរ តែក្នុងហេតុការណ៍នេះមិនបង្កឲ្យមនុស្សណាម្នាក់រងរបួសនោះឡើយ ។
ក្រោយកើតហេតុ ភាគីរថយន្តទាំងពីរបានចុះមកនិយាយគ្នា និងវែកញ៉ែករកតែត្រូវរៀងៗខ្លួន ទើបសមត្ថកិច្ចមូលដ្ឋានចុះមកដល់ សហការជាមួយកម្លាំងជំនាញចរាចរណ៍ធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុក រង់ចាំដោះស្រាយគ្នានាពេលក្រោយ ៕

...

ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print