ប្រទេសសឹង្ហបុរី ៖ នៅថ្ងៃអាទិត្យ ៣កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំគណៈប្រតិភូ ចូលរួមក្នុងកិច្ចប្រជុំកំពូលទីក្រុងពិភពលោកលើកទី៨(WCS) និងវេទិកាអភិបាលក្រុងឆ្នាំ២០២២ នៅមជ្ឈមណ្ឌលពិព័រណ៌ និងសន្និសីទ (Marina Bay Sands Expo & Convention Centre ) ប្រទេសសិង្ហបុរី ។
ដោយមានការអញ្ជើញពីរដ្ឋាភិបាល នៃប្រទេសសិង្ហបុរី ដល់ខេត្តបាត់ដំបង ដើម្បីចូលរួម ក្នុងកិច្ចប្រជុំកំពូលទីក្រុងពិភពលោកលើកទី៨(WCS) និងវេទិកាអភិបាលក្រុងឆ្នាំ២០២២ ដែលមានរយៈពេល ៤ថ្ងៃ គឺចាប់ពីថ្ងៃទី ៣១ ខែកក្កដា ដល់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ នៅប្រទេសសិង្ហបុរី។
សូមជម្រាបផងដែរថា កិច្ចប្រជុំកំពូលទីក្រុងពិភពលោកលើកទី៨(WCS)នេះ ជាវេទិកាសម្រាប់ថ្នាក់ដឹកនាំ និងអ្នកជំនាញផ្នែកឧស្សាហកម្ម ក្នុងការដោះស្រាយបញ្ហាប្រឈម របស់ទីក្រុងដែលរស់នៅ និងប្រកបដោយនិរន្តរភាព ដោយចែករំលែកនូវដំណោះស្រាយរួមគ្នា និងបង្កើតភាពជាដៃគួរថ្មីៗ ។ នៅក្នុងវេទិកានេះផងដែរ ក៏មានកម្មវិធីវេទិកាអភិបាលក្រុង កម្មវិធីពានរង្វាន់ទីក្រុងពិភពលោក (Lee Kuan Yew World City Prize) និងអ្នកដឹកនាំវ័យក្មេង ។ ក្នុងវេទិកានេះ ក៏មានសិក្ខាសាលាស្តីពី ទីក្រុងឆ្លាតវៃ ដែលជាព្រឹត្តិការណ៍បណ្តាញទំនាក់ទំនងឈានមុខ ក្នុងដំណើរការគម្រោងទីក្រុងឆ្លាតវៃ ដោយការពិគ្រោះយោបល់ជាមួយអ្នកផ្តល់មូនិធិ និងដៃគូសមរម្យ ៕
ដោយ ៖ សិលា