* រឿងព្រេងទាក់ទងនឹងទំនៀមនៅពេលមានជំងឺឲ្យសែនព្រេនខ្មោចជីដូនជីតា

ចែករំលែក៖

កាល​នោះ មាន​ព្រះ​មហា​ក្សត្រ​មួយ​អង្គ នៅ​នគរ​មិថិលា ដាក់​រាជសម្បត្តិ​ប្រគល់​ឲ្យ​រាជ​បុត្រ ហើយ​ចេញ​ទៅ​បួស​ធ្វើ​ជា​តាបស នៅ​ក្នុង​ព្រៃ​ភ្នំ​ម្នាក់​ឯង ខំ​ប្រព្រឹត្ត​សុចរិត​ទៀង​ត្រង់​ក្នុង​សីល ៦ យូរ​ៗ​ទៅ ក៏​បាន​សម្រេច​ឈាន​លោកិយ មាន​អាយុ​វែង ១០.០០០ ឆ្នាំ, ពុក​ចង្កា ដុះ​ចាក់​កណ្ដាញ់​ដូច​ឫស​ឫស្សី ល្មម​សត្វ​ចាប​ពពេច​ធ្វើ​សំបុក​ពង​បាន ។
មហា​ឥសី​នោះ មាន​ឈ្មោះ ៣, ខ្លះ​ហៅថា “ឥសី​មិថិលា” តាម​នាម​ដើម​ដែល​ធ្វើ​ជា​ស្ដេច, ខ្លះ​ហៅថា “ឥសី​សាញ់” តាម​ពុក​ចង្កា​ចាក់​កណ្ដាញ់​ដូច​ឫស​ឫស្សី, ខ្លះ​ហៅថា “ឥសី​ស្រឹង” ព្រះ​អង្គុយ​ចម្រើន​ឈាន​ហាល​ថ្ងៃ ខ្យល់ ភ្លៀង មិន​ហ៊ាន​ក្រោក​ទៅ​ណា ។ ហេតុ​ដែល​លោក​ខំ​ទ្រាំ​ទាំង​ម្ល៉េះ មក​ពី​អាណិត​សត្វ​ចាប​ពពេច ដែល​ទៅ​កាច់​សំបុក​ពង​នៅ​ក្នុង​ពុក​ចង្កា​គាត់ ។ ចាប​ពពេច​នោះ ជា​សត្វ​ប្រច័ណ្ឌ​ឈ្មោល​ណាស់ សុខ​ចិត្ត​ទុក​ឈ្មោល​ឲ្យ​នៅ​ក្រាប​ពង, ឯ​មេ សុខ​ចិត្ត​ហើរ​រក​ចំណី​អាហារ​មក​ចិញ្ចឹម​រាល់​ថ្ងៃ ជា​ធម្មតា ។
សម័យ​មួយ ពពេច​ឈ្មោល​និយាយ​នឹង​ពពេច​ញី​ថា “ភាណ​អើយ​ភាណ ! អាណិត​បង ៗ រោយ​ជើង​រោយ​ស្លាប​ណាស់ ឲ្យ​បង​សុំ​ហើរ​ទៅ​រក​ស៊ី​ម្ដង គ្រាន់​បាន​លាត​សរសៃសសូង​ធូរ​ចិត្ត​ថ្លើម” ។ លុះ​ពពេច​ញី យល់​ព្រម​ហើយ ពពេច​ឈ្មោល​គិត​ថា “រូប​អញ​នេះ ដូច​គេ​ទើប​រួច​ពី​ទោស​ទុក្ខ​គុក​ច្រវាក់, អញ​នឹង​ហើរ​ត្រាច់​លេង​ឲ្យ​អស់​មួយ​ថ្ងៃ” គិត​ហើយ ក៏​ស្ទុះ​ហើរ បោះ​ពួយ​ផ្លេកផ្លោះ​ទៅ​ឆ្ងាយ​ដាច់​ស្រយាល ស្វែង​រក​ស៊ី​ផល​ព្រឹក្ស​ព្រៃ និង​ក្រេប​រស​ផ្កា លុះ​ល្ងាច​ព្រលប់ ទើប​ត្រឡប់​មក​វិញ ។ ពពេច​ញី មួ​ម៉ៅ​ក្ដៅ​ចិត្ត​ឥត​គណនា ថា “អើ​អ្នក​ឯង​អើយ ! អី​ក៏​ដល់​ម្ល៉ឹង ! បាន​គេ​បើក​ឲ្យ​ទៅ ៗ អស់​មួយ​ថ្ងៃ តាម​ទំនើង​ចិត្ត ឥត​គិត​កូន​ប្រពន្ធ​សោះ, អ្នក​ចាំ​មក​ធ្វើ​អី​ថ្មើរ​ណេះ​ហើយ ? ថ្វី​ក៏​មិន​នៅ​ត្រេក​ត្រអាល​នឹង​សហាយ​ថ្មី​ឲ្យ​វា​ស្កប់​ស្កល់​ទៅ ! រវល់​មក​គិត​អី​ខ្មោច​មេ​កញ្ចាស់​ស្វាច​កន្ត្រាក​នេះ ! អញ្ជើញ​ទៅ​វិញ​ចុះ កុំ​ទើស​ទាល់” ។ ពពេច​ឈ្មោល​អង្វរ​ដូច​ម្ដេច ក៏​ពពេច​ញី​មិន​ព្រម​ជឿ​ស្ដាប់, ប្រាប់​ដូច​ម្ដេច​ក៏​មិន​យក ។ ជាតិ​ជា​សត្វ​បក្សី​បក្សា​ទាំង​អស់ នឹង​រក​សត្វ​ណា ឲ្យ​ចេះ​សម្ដី​ហូរ​ឥត​អាក់​ដូច​សត្វ​ចាប​ពពេច​គ្មាន ។ ពពេច​ឈ្មោល ទាល់​ប្រាជ្ញា ក៏​ស្បថ​ឲ្យ​ពពេច​ញី​ថា “បើ​ភាណ​ឯង​មិន​ជឿ​បង, កើត​ជាតិ​ណា​ៗ ទៅ​មុខ​ទៀត ឲ្យ​បង​រង​កម្ម​ពៀរ​ដូច​តា​មហា​ឥសី​នេះ​ចុះ, ឲ្យ​ស្លាប់​តែ​នឹង​ហាល​ភ្លៀង ថ្ងៃ ខ្យល់ ទៅ​ណា​មិន​រួច, នេះ បើ​ចង់​ក្បត់​ចិត្ត​ភាណ​ឯង​មែន” ។
មហា​ឥសី​ឮ​ដូច្នោះ នឹក​ក្ដៅ​ចិត្ត​ថា “យើ ! ប៉ៃកាដកទង សត្វ​ចាប​ពពេច​នេះ, អញ​អាណិត​មេត្តា​វា ខំ​ទ្រាំ​ចូល​ឈាន​ឲ្យ​ពង​វា​ញាស់​កូន ទើប​មិន​ហ៊ាន​ក្រោក​ទៅ​ណា, ចុះ​ម្ដេច​ក៏​អា​ចោរ​តិរច្ឆាន​គ្មាន​បញ្ញា ហ៊ាន​យក​ឯង​ទៅ​ស្បថ​ឲ្យ​ប្រពន្ធ​វា​លេង​ជា​ល្បែង ថា​ឯង​ជា​មនុស្ស​បាប​រង​កម្ម​ពៀរ​វិញ, អា​ចោរ​វេរ​គ្នើ ស្ដី​ចំ​ចំណុច​គួរ​ឲ្យ​ខឹង​អត់​មិន​បាន” ។ ឥសី ចាប់​បោច​សម្បុក​នៅ​នឹង​ពុក​ចង្កា ច្របាច់​ពង​បែក​អស់ បោះ​ចោល​ទៅ ។
វេលា​នោះ ឥសី​ដាច់​ឈាន​លោកិយ ហោះ​ហើរ​លែង​រួច តែ​ឫទ្ធានុភាព​នៅ​ពូកែ​ដូច​ដើម ក៏​ទង្គឹះ​ថា “ព្រោះ​តែ​ខ្មោច​អា​សត្វ​ចាប​ពពេច​នេះ​ឯង ទើប​បាន​ជា​អញ​ដាច់​ឈាន, អញ​នឹង​នៅ​បួស​យូរ​ទៅ​ទៀត ក៏​ជា​ការ​ឥត​អំពើ, គិត​សព្វ​ៗ​ទៅ គួរ​តែ​សឹក​យក​ប្រពន្ធ​ម្ដង​ទៀត​ចុះ ព្រោះ​នៅ​មិន​ទាន់​អស់​ចិត្ត​អស់​ចង់​នឹង​មិត្រ​សង្សារ​សោះ, មក​កាប់​ប៉ុន​សត្វ​តិរច្ឆាន​តូច​ៗ ម្ដេច​គង់​វា​ចេះ​មាន​គូ, តែ​ឥឡូវ នឹង​សឹក​ទៅ​ដណ្ដឹង​កូន​គេ មុខ​ជា​គេ​មិន​ឲ្យ​ទេ ព្រោះ​គេ​មើល​មក​ឯង​ចាស់​ហួស​ពេក​ទៅ​ហើយ, បើ​ដូច្នេះ អញ​នឹង​ដើរ​រក​ខ្លឹម​ចន្ទន៍​ក្រិស្នា យក​មក​ជប់​ជា​ស្ត្រី​ក្រមុំ​ម្នាក់ ទុក​ធ្វើ​ជា​ប្រពន្ធ​វិញ​ចុះ” ។ គិត​ដូច្នេះ​ហើយ ក៏​ទៅ​រក​បាន​ខ្លឹម​ចន្ទន៍​ក្រិស្នា យក​មក​ឆ្លាក់​ជា​រូប​ស្ត្រី​បាន​ស្រេច តាំង​ប្រសិទ្ធី​ជប់​ឲ្យ​មាន​ជីវិត​រស់​ជា​មនុស្ស​ឡើង ។ នាង​នោះ ល្អ​ណាស់​នឹង​ប្រៀប​ឧបមា​មិន​បាន ។ ឥសី ក៏​សឹក​មក​រួម​វាសនា​នឹង​នាង​នោះ​ទៅ រួច​នាំ​នាង​ចេញ​ពី​ព្រៃ ចូល​មក​រស់​នៅ​ស្រុក​ភូមិ​ជា​មួយ​នឹង​គេ ។ នាង​នោះ ក៏​មាន​ឈ្មោះ ៣ ដែរ ខ្លះ​ហៅ​នាង “បូច័ន្ទ”, ខ្លះ​ហៅ​នាង “ក្រអូប” , ខ្លះ​ហៅ​នាង “ស្រី​ល្អ” ។
លុះ​នៅ​រួម​សុខ​ទុក្ខ​ជា​មួយ​គ្នា​បន្តិច​ទៅ បង្កើត​បាន​កូន​ស្រី​ម្នាក់, កូន​នោះ កើត​ឡើង​ចេះ​តែ​មាន​ជំងឺ ឈឺ​ស្គម​កំព្រឹង​កំព្រយ គ្មាន​សាច់​ឈាម​សោះ ។ បណ្ឌិត​ឥសី ទាល់​តម្រិះ​នឹង​មើល​កូន​នោះ ក៏​ពិចារណា​ថា “ពី​បុរាណ​អង្វែង​មក បើ​កូន​ក្មេង​ឈឺ​ដូច្នេះ អញ​ធ្លាប់​ឃើញ​គេ​ធ្វើ​ឧបទេស​សែន​ព្រេន​ទៅ​នឹង​ជា, បើ​ដូច្នេះ គួរ​អញ​សែន​ឲ្យ​វា​ល្បង​មើល” ។ បណ្ឌិត​ឥសី ក៏​រៀប​តាក់​តែង​ជា​ក្បួន​សែន ហើយ​មាន​បណ្ដូល​គាថា​ខាង​ចុង សូធ្យ​ថា “ហ៊ុលោ​ៗ ! ស្វា ហយៈ !”, សូធ្យ​សែន​គ្រប់ ៣ ដង, កូន​នោះ ក៏​បាន​ជា​ស្រាន្ត មាន​សាច់​ឈាម​ឡើង​វិញ ។ បណ្ឌិត​ឥសី សន្មត​ឈ្មោះ​ឲ្យ​ហៅ តាម​គាថា​ថា នាង “ស្វា ហាយ” ។ ក្បួន​នោះ​ហៅថា “កុមារ​ដន្យ” សម្រាប់​សែន​ព្រេន​ឲ្យ​ក្មេង​ប្រុស​ស្រី នៅ​វេលា​ដែល​មាន​ជំងឺ​ឈឺ

ហើយ​ក៏​ចេះ​តែ​បាន​ប្រកប​មក ។ បណ្ដា​ជន​ទាំង​អស់ ក៏​ជឿ​ធ្វើ​តាម​តម្រាប់​បណ្ឌិត​ឥសី ត​រៀង​មក​ដល់​ឥឡូវ ។ មួយ​ចំណែក​នេះ ហៅថា “ឥសី​ភាសិត” ។
មួយចំណែក​ទៀត ប៉ែក​ខាង ពិស្ណុ ព្រហ្មញ្ញ ក៏​កាន់​តាម​បែប​ឥសី​ភាសិត​ដែរ គឺ​ពោល​ប្រដៅ​គ្នា​ថា “មនុស្ស​យើង បើ​ឈឺ លុះ​តែ​មាន​ខ្មោច​បិសាច​វា​ធ្វើ ទើប​ឈឺ, បើ​នឹង​ស្លាប់ លុះ​តែ​ទេវតា​ឲ្យ​ស្លាប់ ទើប​ស្លាប់” ។ ខ្មោច​នោះ​ទៀត ក៏​មិន​ក្រៅ​ពី​ខ្មោច​ជីដូន​ជីតា ឪពុក​ម្ដាយ បង​ប្អូន ដែល​ស្លាប់​ទៅ​មុខ​ទាំង​ប៉ុន្មាន​នោះ​ទេ ត្រូវ​តែ​កូន​រំលឹក​នឹក​ឈ្មោះ​សែន​ព្រេន​ឲ្យ​ស៊ី ទើប​បាន​សេចក្ដី​សុខ, បើ​មិន​សែន​ព្រេន​ឲ្យ​ទេ មេបា​ចាស់​ទុំ​នោះ ខឹង​ថា “កូន​ចៅ​មិន​នឹក​មិន​នា” នឹង​ធ្វើ​ទណ្ឌ​កម្ម​ឲ្យ​ឈឺ​ទុរន់​ទុរា ឬ ឲ្យ​ដល់​ស្លាប់ ក៏​មាន ។
របៀប​សែន​ព្រេន​នេះ មាន​ធ្វើ​មក​អង្វែង​ឆ្នាំ​ហើយ ដោយ​គេ​ជឿ​ជាក់​ថា សែន​ឲ្យ​ខ្មោច​ជីដូន​ជីតា និង​ឪពុក​ម្ដាយ ។ ការ​សែន​ព្រេន​នោះ​ទៀត មិន​មែន​ធ្វើ​ចំពោះ​តែ​ពេល​មាន​ជំងឺ​ឈឺ​ថ្កាត់ ឬ​មួយ ផ្សំ​ផ្គុំ​កូន​ចៅ​ជា​ប្ដី​ប្រពន្ធ ដែល​ថា​គួរ​សែន​ព្រេន​ប្ដឹង​ខ្មោច​ជីដូន​ជីតា ឪពុក​ម្ដាយ ប៉ុណ្ណោះ​ទេ សូម្បី​តែ​បង​ប្អូន​សាច់​សារ​លោហិត​ទើប​មក​ដល់​ពី​ស្រុក​ឆ្ងាយ ក៏​គេ​នាំ​គ្នា​កាប់​មាន់​ទា​រៀប​បាយ​ទឹក​សែន​ព្រេង​ដូច្នោះ​ដែរ ។ ឯ​ស្រា​បាយ និង​មាន់​ស្ងោរ​នោះ ជា​របស់​ដូច​ជា​រៀប​ទទួល​ជា​កិត្តិយស​ចំពោះ​អ្នក​ធ្វើ​ដំណើរ​ដែល​អស់​កម្លាំង ឲ្យ​សប្បាយ​រីករាយ​ទៅ​វិញ ។
ម្យ៉ាង​ទៀត គួរ​ឲ្យ​ពិភាល់​ឆ្ងល់​ពេក​ដែរ ដែល​ចាស់​ៗ បុរាណ​តែង​យល់​មក​ថា ចំពោះ​អ្នក​ដែល​ស្លាប់​ទៅ​ហើយ ទោះ​ជា​ឈ្មោះ​ណា​ធ្វើ​បុណ្យ​ទាន​ច្រើន​ក្ដី ធ្វើ​បាប​ក្ដី វេលា​ដែល​ស្លាប់​ទៅ​ហើយ មិន​ឮ​ថា ទៅ​ឋាន​សួគ៌ ឬ នរក​សោះ ដូចជា​ព្រលឹង​គេ​នៅ​តែ​វិល​វល់​ៗ ចាំ​ស៊ី​សំណែន​ពី​កូន​ចៅ ហើយ​នឹង​ចាំ​ផ្ដន្ទា​ព្យាបាទ​ធ្វើ​ទោស​តែ​កូន​ចៅ​ឯង​។ ការ​យល់​ដូច្នេះ ហើយ​នាំ​គ្នា​សែន ដូច​ជា​មិន​សូវ​សម​សោះ​ឡើយ ៕

...


ស្រាវជ្រាវតាមសៀវភៅរឿងព្រេងខ្មែរ ដោយ÷ ចៅតាជេត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print