រដ្ឋមន្ត្រីការពារជាតិប្រទេសតួកគី បានឲ្យដឹងថា នេះជាលើកទីមួយ ចាប់តាំងពីផ្ទុះសង្គ្រាមនៅអ៊ុយក្រែន នាវាដឹកស្បៀងអាហាររបស់អ៊ុយក្រែន បានចាកចេញពីកំពង់ផែ Odessaឆ្ពោះទៅកាន់ប្រទេសទួកគី។
ក្រសួងការពារជាតិតួកគី បានអះអាងថា កប៉ាល់ឈ្មោះ រ៉ាហ្សូនី (Razoni) មានដោតទង់ជាតិប្រទេស សៀរ៉ាឡេអូន (Sierra Leone) ដែលផ្ទុកពោត បានចាកចេញពីកំពង់ផែ អូដេសា ហើយ ដោយមានគោលដៅឆ្ពោះ ទៅកាន់ប្រទេសលីបង់។ កប៉ាល់នេះ ត្រូវរំពឹងថា នឹងទៅដល់ទីក្រុងអ៉ីស្តង់ប៊ុលរបស់តួកគី នៅថ្ងៃអង្គារសប្តាហ៍នេះ។ នៅទីនោះ វានឹងត្រូវត្រួតពិនិត្យ មុនពេលអនុញ្ញាតឱ្យបន្តដំណើរ ទៅកាន់លីបង់។ ដោយឡែក បើតាម សេចក្តីថ្លែងការណ៍របស់អង្គការសហប្រជាជាតិ កប៉ាល់ រ៉ាហ្សូនី ផ្ទុកពោតក្នុងទម្ងន់សរុបជាង ២៦,០០០តោន។
សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិតួកគី បានបន្ថែមថា កប៉ាល់ផ្សេងទៀត ក៏នឹងចាកចេញពីកំពង់ផែអ៊ុយក្រែន តាមច្រករបៀងសុវត្ថិភាព ស្របតាមកិច្ចព្រមព្រៀងទីក្រុងអ៉ីស្តង់ប៊ុល កាលពីថ្ងៃទី២២ ខែកក្កដា ផងដែរ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ។
គួរបញ្ជាក់ថា រុស្ស៉ី និងអ៊ុយក្រែន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដោយឡែកពីគ្នា ជាមួយប្រទេសតួកគី និងអង្គការសហប្រជាជាតិ (UN) ក្នុងការបង្កើតច្រកផ្លូវសម្រាប់អ៊ុយក្រែន ដែលជាអ្នកផ្គត់ផ្គង់ស្បៀងដ៏សំខាន់របស់ពិភពលោក ដើម្បីនាំចេញធញ្ញជាតិនិងទំនិញកសិកម្មផ្សេងទៀត សរុប២២លានតោន ដែលបានជាប់គាំងនៅតាមកំពង់ផែនៃតំបន់សមុទ្រ។
រូបថត : AP