ភ្នំពេញ : បើយោងតាម អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី១ ខែសីហា ឆ្នាំ 2022 បានបញ្ជាក់ឱ្យដឹងថា, កាលពីពេលថ្មីៗនេះអង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការនគរបាលជាតិ ក្រុមហ៊ុន Tim Hortons បានឯកភាពជាបឋមថា នឹងផ្ដល់អាហារនិងកាហ្វេមិនគិតលុយដល់អតិថិជនមួយចំនួន ដើម្បីដោះស្រាយពាក្យបណ្ដឹង ដែលរងការចោទប្រកាន់ថា ក្រុមហ៊ុនបានទាញយកទីតាំងរបស់អតិថិជន ដោយមិនមានការអនុញ្ញាតពីអ្នកប្រើប្រាស់តាមរយៈកម្មវិធីរបស់ពួកគេ។ នៅក្នុងអុីមែលទៅកាន់អតិថិជន ក្រុមហ៊ុនបាននិយាយថា ខ្លួននឹងលុបទិន្នន័យទីតាំងភូមិសាស្ត្រទាំងអស់ដែលទទួលបានពីចន្លោះថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ហើយក្រុមហ៊ុនក៏នឹងស្នើសុំក្រុមហ៊ុនផ្ទុកទិន្នន័យ Radar Labs ដែលជាក្រុមហ៊ុនដៃគូរបស់ពួកគេឱ្យលុបចោលទិន្នន័យទាំងអស់នោះផងដែរ។
អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការនគរបាលជាតិ បានបន្តថា , Tim Hortons ដែលជាក្រុមហ៊ុនលក់នំនិងកាហ្វេដ៏ធំមួយនៅក្នុងប្រទេសកាណាដា ត្រូវបានអាជ្ញាធររបស់ប្រទេសកាណាដាធ្វើការស៊ើបអង្កេតកាលពីខែកន្លងទៅ ហើយបានរកឃើញថា កម្មវិធី Tim Hortons បានតាមដាន និងកត់ត្រាទីតាំងរបស់អ្នកប្រើប្រាស់រៀងរាល់ពីរ ទៅបីនាទីម្តង បើទោះបីជាអ្នកប្រើប្រាស់មិនបានបើកកម្មវិធីក៏ដោយ។ ការស៊ើបអង្កេតបានកំណត់ថា ក្រុមហ៊ុនបានធ្វើការតាមដានទីតាំងរបស់អតិថិជនដោយមិនមានការឯកភាពពីអ្នកប្រើប្រាស់។
ដោយមើលឃើញពីហានិភ័យទាក់ទងទៅនឹងការប្រមូលយកទីតាំងនិងទិន្នន័យឯកជនភាពរបស់អ្នកប្រើប្រាស់ ដើម្បីធ្វើការតាមដាន ឬលក់ឱ្យជនទីបីនោះ ទើបនាយកដ្ឋានតែងតែធ្វើការក្រើនរំឮកដល់អ្នកប្រើប្រាស់ឱ្យទាញយកតែកម្មវិធីណាដែលត្រូវការប្រើប្រាស់ចាំបាច់។ ម៉្យាងវិញទៀតលោកអ្នកគួរតែជៀសវាងបញ្ចូលកម្មវិធីណាដែលមិនមាននៅក្នុង App Store ឬ Google Play ៕
ដោយ : សិលា