រថយន្តទំនើបSONATA បុករថយន្តទំនើបBYDនៅផ្លូវបេតុងព្រៃសរងការខូចខាតយ៉ាងដំណំ ខណៈភាគីរងគ្រោះចង់ទាមទាររថយន្តថ្មី

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តស៊េរីទំនើបម៉ាក HYUNDAI SONATA យ៉ាងលឿនធ្វើឱ្យរេចង្កូតទៅបុករថយន្តស៊េរីទំនើបមួយគ្រឿងទៀតម៉ាក BYD បញ្ឆិតពីចំហៀងពេញទំហឹង ហើយមិនទាន់អស់ល្បឿនរថយន្តបង្កហេតុបានបន្តទៅមុខប្រមាណជិត២០០ម៉ែត្រទៀត ទើបបែកយ៉ាន់កង់ខាងមុខផ្នែកខាងឆ្វេងនិងខ្ទាតសំបកកង់ចេញក្រៅទៅមុខលែងរួច បង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរកាលពីវេលាម៉ោង៩យប់ថ្ងៃទី០១ ខែសីហា ឆ្នាំ ២០២២ នៅត្រង់ចំណុចមុខផ្សារទំនើបឡាក់គី តាមបណ្តោយផ្លូវបេតុងព្រៃស ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក BYD ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BQ-6830បើកបរជាលក្ខណៈគ្រួសារ ប្ដីប្រពន្ធនិងកូន ដោយធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងព្រៃសពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក HYUNDAI SONATA ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2BI-7900 បើកបរដោយបុរសម្នាក់ធ្វើដំណើរបញ្ច្រាសទិសគ្នាពីកើតទៅលិចក្នុងល្បឿនលឿនហើយបានរេចង្កូតទៅបុករថយន្ដ BYD ពីចំហៀងខាងឆ្វេងខាងក្រោយពេញទំហឹងបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ រីឯរថយន្តHYUNDAIមិនទាន់អស់ល្បឿនបានបន្តទៅមុខជិត២០០ម៉ែត្រមកដល់ចំណុចមុខភោជនីយដ្ឋានម៉ារ៉ាឌី888ទើបបែកយ៉ាន់កង់ខាងមុខខាងឆ្វេងខ្ទេចខ្ទី និងខ្ទាតសំបកកង់ចេញក្រៅទៅមុខលែងរួច។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់និងបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ឱ្យមកកន្លែងហេតុដើម្បីពិនិត្យស្ថានភាព ។ បន្ទាប់មកសមត្ថកិច្ចបានឱ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នា ដោយខាងភាគីរថយន្តរងគ្រោះចង់ទាមទារយករថយន្តថ្មីមិនត្រូវការជួសជុល ចំណែកឯភាគីរថយន្តបង្កហេតុមិនយល់ព្រម ទើបសមត្ថកិច្ចជំនាញជួយធ្វើការសម្របសម្រួល ដើម្បីឲ្យភាគីទាំងពីរធ្វើការចរចាគ្នាបន្តទៀត៕

...

ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print