ភ្នំពេញ៖ ប្រធានអាស៊ានឆ្នាំ២០២២ និងជានាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការខកចិត្តដែលយោធាមីយ៉ាន់ម៉ាធ្វើការប្រហារជីវិតមនុស្សចំនួន ៤នាក់ដែលប្រឆាំងនិងខ្លួន។ សម្ដេចតេជោ ហ៊ុនសែន បានមានប្រសាសន៍ថា, ការនេះនឹងបង្ខំចិត្តឲ្យអាស៊ានគិតគូរឡើងវិញពីការអនុវត្តកុងសង់ស៉ីស៥ចំណុចជាចាំបាច់សម្រាប់ប្រទេសមួយនេះ។
សម្ដេចតេជោ ហ៊ុនសែន បានថ្លែងបែបនេះក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាននៅថ្ងៃពុធ ទី៣ ខែសីហានេះនៅសណ្ឋាគារសុខាអូតែល រាជធានីភ្នំពេញ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ានម៉ាបានចុះផ្សាយកាលពីថ្ងៃចន្ទថា អាជ្ញាធរយោធាមីយ៉ាន់ម៉ាបានប្រហារជីវិតសកម្មជនប្រជាធិបតេយ្យចំនួន ៤នាក់ដែលត្រូវបានចោទប្រកាន់ថាបានជួយអនុវត្ត «អំពើភេរវកម្ម» ដែលនេះជាការប្រហារជីវិតលើកដំបូងរបស់ប្រទេសអាស៊ីអាគ្នេយ៍ដែលពុំបានកើតមានក្នុងរយៈពេលជាច្រើនទសវត្សរ៍មកហើយ។ បុរសទាំងបួននាក់នេះត្រូវបានចោទប្រកាន់ថាបានជួយកងជីវពលក្នុងការប្រយុទ្ធប្រឆាំងនឹងកងទ័ពដែលបានដណ្តើមអំណាចនៅក្នុងរដ្ឋប្រហារកាលពីឆ្នាំមុន។
សូមបញ្ជាក់ថា, នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខា ភ្នំពេញ។
កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ គឺជាវេទិកាដ៏មានសារៈសំខាន់សម្រាប់អាស៊ាន ក៏ដូចជាដៃគូសន្ទនា ដើម្បីពិនិត្យ និងពិភាក្សាលើបញ្ហាទាំងឡាយ ហើយដាក់ចេញជាសេចក្តីសម្រេចចិត្តនានាសម្រាប់មេដឹកនាំកំពូលរបស់អាស៊ាន និងប្រទេសដៃគូសន្ទនា សម្រេចក្នុងកិច្ចប្រជុំកំពូលរបស់អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ៕
ដោយ : សិលា