ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានឱ្យដឹងនៅយប់ថ្ងៃពុធទី០៣ ខែសីហា ឆ្នាំ២០២២នេះថា៖ដេីម្បីទប់ស្កាត់ ការការពារសុខុមាលភាពជូនប្រជាពលរដ្ឋពីការបរិភោគ ចំណីអាហារដែលគ្មានសុវត្ថិភាព ឬមានផ្ទុកសារធាតុគីមីហាមឃាត់ មន្រ្តីជំនាញសាខារបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម ចំនួន ៦រាជធានី ខេត្តទៀត គឺមានខេត្តមណ្ឌលគិរី ខេត្តស្វាយរៀង ខេត្តតាកែវ ខេត្តកោះកុង ខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ម្សិលមិញនេះ បានបន្តចេញប្រតិបត្តិការចុះត្រួតពិនិត្យតាមបណ្តាទីផ្សារ ផ្សារទំនើប និងបណ្តាម៉ាត និងផ្ទះលក់ទំនិញនានា នៅទូទាំងប្រទេសដើម្បីបន្តស្រាវជ្រាវរកផលិតផលមី និងការ៉េម ដែលសង្ស័យមានផ្ទុកសារធាតុ គីមីហាមឃាត់ និងទំនិញដែលមិនមានអនុលោមភាពផ្សេងៗ ។
ជាលទ្ធផល៖នៅតែពុំបានរកឃើញផលិតផលមី និងការ៉េម ដែលមាន Batch Code SGB6 និង Best Before Date ដូចមាននៅក្នុង សេចក្តីជូនដំណឹងចរាចរនៅក្នុងទីផ្សារប្រទេសកម្ពុជាឡើយ។ ដោយឡែកទំនិញមិនមានអនុលោមភាពចំនួន ១១៥.៦៤គីឡូក្រាមត្រូវបានមន្រ្តីជំនាញរកឃើញ និងដកហូតបានយកមកកម្ទេចចោល និងពិន័យទៅតាមនីតិវិធី។
គួររំលឹកជាថ្មីម្ដងទៀតថា ការចុះត្រួតពិនិត្យនេះ គឺបន្ទាប់ពីទទួលបានសេចក្តីជូនដំណឹងតាមប្រព័ន្ធ ផ្ដល់ព័ត៌មានរហ័សសម្រាប់ម្ហូបអាហារនិងចំណីសត្វរបស់អាស៊ាន (ARASFF) អំពីការរកឃើញវត្តមានសំណល់សារធាតុអេទីឡែន អុកស៊ីត (Ethylene Oxide) នៅក្នុងផលិតផលមីពីរប្រភេទ និងការ៉េមមួយប្រភេទ និងត្រូវបានអាជ្ញាធរ សុវត្ថិភាពម្ហូបអាហារនៃប្រទេសសឹង្ហបុរី បានចាត់វិធានការប្រមូលត្រឡប់មកវិញ ផលិតផលទាំងនោះចេញពីទីផ្សារផងដែរ៕ដោយ៖សហការី