ភ្នំពេញ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បង្កដោយរថយន្តធុនធំមួយគ្រឿងបើកបុកបុរសម្នាក់ដើរឆ្លងផ្លូវយ៉ាងពេញទំហឹង បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ នៅវេលាម៉ោង០៦ និង១០នាទីព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ៖ នៅមុនពេលកើតហេតុ គេឃើញរថយន្តធុនធំមួយគ្រឿង ម៉ាក ហុីយ៉ាន់ដាយ ពណ៌បៃតង ពាក់ផ្លាកលេខភ្នំពេញ 3B-3695 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវ៥០ម៉ែត្រ លុះដល់ត្រង់ចំណុចកើតហេតុ ក៏បានបុកអ្នកថ្មើរជើងម្នាក់ ដើរឆ្លងផ្លូវ បណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ចមូលដ្ឋានចុះទៅដល់ទីតាំងកន្លែងកើតហេតុ ដើម្បីពិនិត្យមើល ។
ក្រោយពេលកើតហេតុនោះដែរ តៃកុងរថយន្តបង្កក៏បានឈប់រថយន្តទុកចោល ហើយចុះគេចខ្លួនបាត់ស្រមោល ។បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានសហការជាមួយកម្លាំងជំនាញចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ និងការិយាល័យចរាចរណ៍រាជធានីភ្នំពេញ ធ្វើការវាស់វែងយករថយន្តបង្កហេតុ ទៅរក្សាទុក រង់ចាំដោះស្រាយតាមនីតិវិធី ។ ដោយឡែកសពបុរសរងគ្រោះមិនទាន់ធ្វើអត្តសញ្ញាណនៅឡើយ ដោយមានវ័យជាង៣០ឆ្នាំ ពាក់អាវដៃខ្លីពណ៌ក្រហម ស្លៀកខោខូវប៊យជាងវែង ។ បច្ចុប្បន្ននេះ សពត្រូវបានតម្កល់ទុកនៅវត្តទឹកថ្លា និងកំពុងស្វែងរកសាច់ញាតិ ដើម្បីមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ ៖ ភារ៉ា ដង្កោ