នគរបាលក្រុងប៉ោយប៉ែតបញ្ជូនក្រុមចោរកាច់កម៉ូតូទៅស្នងការដ្ឋានខេត្តដើម្បីចាត់ការតាមផ្លូវច្បាប់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានបញ្ជូនក្រុមចោរសកម្មកាច់កម៉ូតូចំនួន៣នាក់ទៅស្នងការដ្ឋានខេត្តនៅព្រឹកថ្ងៃទី០៤ខែសីហាឆ្នាំ២០២២នេះ។
លោកអធិការក្រុងប៉ោយប៉ែតសៅ សារឿនបានមានប្រសាសន៍ថា កាលពីវេលាម៉ោង១៣និង៣០នាទីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ កម្លាំងជំនាញបានទទួលបណ្ដឹងពីឈ្មោះ យឹម វិរៈ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ ស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែតដែលបានដាក់ពាក្យបណ្ដឹងនិងរាយការណ៍ថា មានជនមិនស្គាល់អត្តសញ្ញាណចំនួន៣នាក់បានលួចយកម៉ូតូចំនួន២គ្រឿង ១-ម៉ាកឃ្លីក ពណ៌ខ្មៅលាយលឿង, ២-ម៉ាកឃ្លីក ពណ៌សលាយខ្មៅ ហើយម៉ូតូខាងទាំងពីរគ្រឿងនេះគាត់ទុកនៅមុខអគារធ្វើការ របស់ជនជាតិឥណ្ឌូនេស៊ី ដោយចាក់សោ.កត្រឹមត្រូវ រហូតព្រឹកឡើងដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ ទើបដឹងថាបាត់ម៉ូតូ ហើយបានឆែកកាមេរ៉ាសុវត្ថិភាពឃើញមានចោរ៣នាក់មកលួចយក។
លោកអធិការបញ្ជាក់ថា ឈ្មោះ យឹម វិរៈ ជាសន្តិសុខតំណាងឱ្យជនជាតិឥណ្ឌូនេស៊ីដែលជាម្ចាស់ម៉ូតូ។ ក្រោយមកទៀតនៅវេលាម៉ោង១៣និង៣០នាទីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ កម្លាំងជំនាញបានទទួលបណ្ដឹងពីឈ្មោះ គឹម វណ្ណៈ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានដាក់ពាក្យបណ្ដឹងនិងរាយការណ៍ថា នៅថ្ងៃទី២៥ខែកក្កដាឆ្នាំ២០២២ មានជនមិនស្គាល់អត្តសញ្ញាណចំនួន២នាក់បានលួចយកម៉ូតូចំនួន១គ្រឿង ម៉ាកស្គូពី ពណ៌ក្រហម ក្រម៉ៅ សេ៊រីឆ្នាំ២០១៣ លេខតួ៨០១៨២១១ ពាក់ស្លាកលេខ បាត់ដំបង 1O-4585 ដែលពេលនោះខ្លួនបានអោយឱ្យម៉ូតូទៅប្អូនខ្ចីជិះទៅរកអីញាំនៅក្រៅផ្ទះ រហូតដល់ម៉ោងប្រហែលជិត២៤ប្អូនរបស់ខ្លួនបានត្រឡប់ពីក្រៅវិញហើយទៅបន្ទប់គេង ពេលទៅដល់បន្ទប់ជួលឃើញម្ចាស់ផ្ទះកំពុងផឹកស៊ីបាំងពីមុខផ្លូវចូលបន្ទប់ ប្អូនរបស់ខ្លួនមិនហ៊ានបណ្ដើរម៉ូតូចូលបន្ទប់ក៏សម្រេចចិត្តទុកម៉ូតូនៅមុខផ្ទះដោយគិតថាម្ចាស់ផ្ទះនឹងបណ្ដើរម៉ូតូនោះចូលក្នុងឱ្យ ហើយប្អូនរបស់ខ្លួនក៏ឡើងទៅបន្ទប់គេងបាត់ទៅ។ លុះព្រឹកឡើងមិនឃើញម៉ូតូក៏ឆែកកាមេរ៉ាទើបដឹងថាចោរលួច។
បន្ទាប់ពីបានទទួលបណ្ដឹងរួចកម្លាំងជំនាញបានចុះទៅដល់កន្លែងកើតហេតុ ឆែកកាម៉េរ៉ាសុវត្ថិភាព និងកំណត់មុខសញ្ញាជនសង្ស័យបាន។
រហូតដល់វេលាម៉ោង៣ទៀបភ្លឺថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ កម្លាំងជំនាញបានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់នៅចំណុចផ្ទះសំណាក់មួយកន្លែង ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែតយកមកអធិការដ្ឋានដើម្បីសួរនាំ។
ជនសង្ស័យទី១-ឈ្មោះ ប៊ូ រតនា ហៅចាវ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅមណ្ឌល៩ ស្ថិតក្នុងភូមិប្រជាធម្មកើត សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មុខរបរមិនពិតប្រាកដ ។ទី២-ឈ្មោះ ជួង រ៉ាសល់ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិក្បាលកោះ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។
ក្រោយមកទៀតកម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យបានម្នាក់ទៀតឈ្មោះធូ ចាន់ថុល ហៅថុល ភេទប្រុសអាយុ១៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិទួលពង្រ សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត។
ជនសង្ស័យទាំងបីនាក់ខាងលើបានឆ្លើយសារភាពថា ពួកគេពិតជាបានលួច(កាច់កម៉ូតូ) របស់ជនរងគ្រោះខាងលើប្រាកដមែន។
ពេលនេះកម្លាំងជំនាញបានស្រាវជ្រាវរកឃើញម៉ូតូបានចំនួន៥គ្រឿង ហើយបានស្នើសុំប្រគល់ជូនទៅម្ចាស់ម៉ូតូដើម្បីយកទៅប្រើប្រាស់វិញ។
លោកបានបន្ថែមថា ក្រោយពីកម្លាំងជំនាញសួរនាំរួច ជនសង្ស័យទាំង៣នាក់ខាងលើត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជួនតាមនីតិវិធី៕

...

ដោយ៖ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print