បញ្ជូនខ្លួន​ជនជាតិចិន​ប្រុសស្រី​ ៣នាក់​ ទៅសាលាដំបូង​ខេត្ត​ព្រះសីហនុ​ ក្នុងករណីផ្ទុះអាវុធបណ្តាលឱ្យបុរសជនជាតិចិន០២នាក់ស្លាប់នៅកាស៊ីណូ តុងហ្វាងប៉ាលីរិន

ចែករំលែក៖

ខេត្តព្រះសីហនុ៖ បេី​យោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ បានឱ្យដឹងនៅព្រឹក​ថ្ងៃសុក្រទី​០៥​ ខែសីហា​ ឆ្នាំ​២០២២នេះ​ថា៖​ កម្លាំងសមត្ថកិច្ច​ជំនាញ​ បានបញ្ជូនខ្លួន​ជនជាតិចិន​ប្រុសស្រី​ ៣នាក់​ ទៅសាលាដំបូង​ខេត្ត​ព្រះសីហនុ​ ដេីម្បីចាត់ការតាមច្បាប់​ ក្នុងករណីផ្ទុះអាវុធបណ្តាលឱ្យបុរសជនជាតិចិន០២នាក់ស្លាប់នៅកាស៊ីណូ តុងហ្វាងប៉ាលីរិន​ ក្នុងក្រុងព្រះសីហនុ។

របាយការណ៍​ដដែល​បន្តថា​ យោង​តាមដំណើររឿងហេតុ​ កាលពីយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២កន្លងទៅ​ថ្មីៗ​នេះ​ នៅកាស៊ីណូ តុងហ្វាងប៉ាលីរិន ក្នុងសង្កាត់២ ក្រុងព្រះសីហនុ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានទទួលព័ត៌មានថា នៅក្នុងកាស៊ីណូ តុងហ្វាងប៉ាលីរិន មានករណីផ្ទុះអាវុធកើតឡើង បណ្តាលឱ្យបុរសជនជាតិចិន០២នាក់ស្លាប់បាត់បង់ជីវិត បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ឲ្យកម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ សហការគ្នាចុះទៅដល់កន្លែងហើយហេតុដើម្បីធ្វើការស្រាវជ្រាវ តែជនសង្ស័យបានគេចខ្លួនបាត់អស់ ។

ក្នុងកិច្ចប្រតិបត្តិការណ៍នេះ កម្លាំងសមត្ថកិច្ចបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ៖

១-ឈ្មោះ Ding PingPing ហៅ Ding QiQi ភេទស្រី អាយុ ៣៥ឆ្នាំ ជនជាតិចិន មុនរបរ អ្នកគ្រប់គ្រងកាស៊ីណូ តុងហ្វាងប៉ាលីរិន លិខិតឆ្លងដែន (មិននៅជាប់ខ្លួន) ស្នាក់នៅ ភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ ។
២-ឈ្មោះ Xu WeiWei ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិចិន មុនរបរ គ្រប់គ្រងកាំមេរ៉ាសុវត្តិភាពនៅកាស៊ីណូ តុងហ្វាងប៉ាលីរិន លិខិតឆ្លងដែន (មិននៅជាប់ខ្លួន) ស្នាក់នៅ ភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ ។
៣-ឈ្មោះ Du Jian Bo ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិចិន មុនរបរ អ្នកគ្រប់គ្រងសន្តិសុខនៅកាស៊ីណូ តុងហ្វាងប៉ាលីរិន លិខិតឆ្លងដែន (មិនជាប់ខ្លួន) ស្នាក់នៅ ភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ ។

ចំណែក​ដកហូតសម្ភារវត្ថុតាង៖
១-អាវុធខ្លីចំនួន ៥ ដើម (អាវុធខ្លីដែលជនសង្ស័យបាញ់ជនរងគ្រោះចំនួន៤ដើម និងចំនួន១ដើមទៀត ឆែកឆេរបានពីទូរដែកក្នុងអគារកើតហេតុ) ។
២-រថយន្ត ចំនួន ៣គ្រឿង ជាមធ្យោយបាយធ្វើសកម្មភាពនិងរត់គេចខ្លួន ។
៤-សម្ភារៈនិងឯកសារមួយចំនួនទៀត ។

បច្ចុប្បន្ន​ជនសង្ស័យទាំង៣នាក់រួម និងវត្ថុតាងកម្លាំងជំនាញបានបញ្ជូនសំណុំរឿងទៅសាលាដំបូងខេត្តព្រះសីហនុ និងកំពុងបើកការស៊ើបអង្កេតបន្ត ដើម្បីស្វែងរកចាប់ខ្លួនជនសង្ស័យមួយចំនួនទៀតដែលកំពុងរត់គេចខ្លួន យកមកផ្តន្ទាទោសតាមច្បាប់៕

...

ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print