សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន

ចែករំលែក៖

ភ្នំពេញ ៖ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានទទួលជួបពិភាក្សាការងារជាមួយលោក ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា(HAYASHI Yoshimasa)រដ្ឋមន្ត្រីការបរទេសជប៉ុន។

លោក ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចតេជោ ចំពោះរាជរដ្ឋាភិបាលកម្ពុជា និងដល់ប្រជាជនកម្ពុជា ដែលបានសំដែងមរណទុក្ខដ៏ក្រៀមក្រំចំពោះមរណភាពរបស់លោក Shinzo Abe អតីតនាយករដ្ឋមន្ត្រីជប៉ុន ។ លោកបានមានប្រសាសន៍ថា នេះគឺជាកាយវិការដ៏ប្រពៃបំផុតរបស់កម្ពុជា ប្រកបដោយក្តីគោរពគោរព និងក្តីស្រឡាញ់។ លោកបានអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានខិតខំប្រឹងប្រែង ក្នុងការស្វែងរកដំណោះស្រាយបញ្ហានៅប្រទេសមីយ៉ាម៉ា អោយត្រឡប់មករកភាពប្រក្រតីវិញ ។ លោកក៏បានសម្ដែងនូវការអបអរសាទរ ចំពោះភាពជោគជ័យនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ 

លោក ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា ក៏បានសម្ដែងនូវក្តីរីករាយចំពោះទំនាក់ទំនងរវាងកម្ពុជា និងជប៉ុន ដែល លោកគិតថា ជាទំនាក់ទំនងមួយដែលស្ថិតនៅលើគន្លងមួយដែលល្អបំផុត ក្នុងន័យនេះ លោកបានមានប្រសាសន៍ថា ឯកឧត្តមនឹងបន្តកិច្ចសហការ ជាមួយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា ហើយធ្វើយ៉ាងណាជំរុញទំនាក់ទំនងនេះឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ជាមួយនឹងការជំរុញនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ ជាពិសេសលើវិស័យសេដ្ឋកិច្ច ការជំរុញអ្នកវិនិយោគជប៉ុនឲ្យមកវិនិយោគនៅកម្ពុជា  រួមទាំងវិស័យការពារជាតិ និងវិស័យផ្សេងៗជាច្រើនទៀតផងដែរ។ 

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន សូមចូលរួមរំលែកទុក្ខចំពោះការបាត់បង់ថ្នាក់ដឹកនាំ គឺអតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe ដែលជាមិត្តដ៏ល្អរបស់កម្ពុជាផង និងជាមិត្តល្អរបស់សម្ដេចផង។ សម្ដេចតេជោបានមានប្រសាសន៍ថា ការបាត់បង់លោក Shinzo Abe គឺសម្ដេចមានអារម្មណ៍ដូចគ្នាទៅនឹងការបាត់បង់បងប្រុសរបស់សម្ដេចផងដែរ ដែលវាហាក់បីដូចជាលឿនពេក ដែលធ្លាប់បានធ្វើការរួមគ្នា ហើយលោក Abe បានធ្វើការជាមួយកម្ពុជា និងមានស្នាដៃជាច្រើន រួមទាំងជាមួយអាស៊ានមេគង្គផងដែរ ។ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានយល់ស្របចំពោះការវាយតម្លៃ ពាក់ព័ន្ធទៅនឹងទំនាក់ទំនងកម្ពុជា និងជប៉ុន ហើយក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុនដែលបានផ្ដល់នូវឥណទានសម្បទានដល់គម្រោងស្ថាបនាសាងសង់កំពង់ផែក្រុងព្រះសីហនុ និងអរគុណដល់រដ្ឋាភិបាលជប៉ុនដែលបានផ្ដល់នូវវ៉ាក់សាំងកូវីត-១៩​ ជូនដល់កម្ពុជា ហើយការផ្ដល់វ៉ាក់សាំងនេះ ជាការចូលរួមចំណែកធ្វើឱ្យកម្ពុជា ទទួលបានជោគជ័យក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ បានល្អប្រសើរ និងមានលទ្ធភាពបើកដំណើរការសេដ្ឋកិច្ចឡើងវិញផងដែរ។ ជាមួយគ្នានោះផងដែរ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍លើកឡើងអំពីជម្លោះនៅអ៊ុយក្រែន ដោយសម្ដេចបានមានប្រសាសន៍ថា សង្គ្រាមជារឿងមួយហើយ  ការដាក់ទណ្ឌកម្មជារឿងមួយ ដែលមិនត្រឹមតែប៉ះពាល់ទៅដល់ប្រទេសរុស្ស៊ី និងឱ្យក្រែមប៉ុណ្ណោះទេ ប៉ុន្តែវាប៉ះពាល់ដល់ដល់លើពិភពលោកទាំងមូល រួមទាំងកម្ពុជាផងដែរ។ ហើយទាក់ទងទៅនឹងករណីនៅប្រទេសមីយ៉ាម៉ាវិញ អ្វីដែលជាការខិតខំប្រឹងប្រែងរបស់កម្ពុជានោះ គឺក្នុងគោលបំណងដើម្បីឲ្យវិលទៅរកភាពប្រក្រតីឡើងវិញ តាមគន្លងលទ្ធិប្រជាធិបតេយ្យ ហើយអ្វីដែលកម្ពុជាធ្វើកន្លងមក គឺបានប្រកាន់ភ្ជាប់នូវ វិធានការ៣ សំខាន់ៗទី១គឺការកាត់បន្ថយ ឬបញ្ឈប់អំពើហិង្សា  ទី២ គឺការផ្ដល់ជំនួយមនុស្សធម៌ដល់ប្រជាជនមីយ៉ាន់ម៉ា  និងទី៣ ការបង្កបរិយាកាសសមស្របសម្រាប់ការសន្ទនា យោបាយរវាង ភាគីពាក់ព័ន្ធទាំងអស់ ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ សម្ដេចតេជោ បានសម្ដែងនូវការសោកស្ដាយចំពោះការកាត់ទោសប្រហារជីវិត សកម្មជនប្រឆាំង៤រូប​ សម្ដេចតេជោបានមានប្រសាសន៍ ថាទោះបីជាក្នុងករណីយ៉ាងណាក៏ដោយ កម្ពុជាក្នុងនាមជាប្រធានអាស៊ាន នឹងប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ធ្វើយ៉ាងណាជួយដោះស្រាយបញ្ហានៅមីយ៉ាន់ម៉ា ដើម្បីនាំប្រទេសមីយ៉ាម៉ា អោយវិលត្រឡប់មករកភាពប្រក្រតីវិញ៕

        

ដោយ ៖ សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print