បើករថយន្តរេចង្កូតទៅបុកបង្កាន់ដៃស្ពាន ធ្លាក់ចូលទឹកប្រឡាយ សំណាងល្អប្រជាពលរដ្ឋជួយសង្គ្រោះទាន់

ចែករំលែក៖

ភ្នំពេញ: បុរសម្នាក់បើករថយន្ត Ford Ranger ងោកមួយភាំងបណ្តាលឱ្យរេចង្កូតទៅបុកបង្កាន់ដៃស្ពានបាក់អស់៤ផ្ទាំង ធ្លាក់ចូលប្រឡាយទឹកស្អុយ សំណាងល្អត្រូវបានបងប្អូនប្រជាពលរដ្ឋនាំគ្នាចុះជួយទាន់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង៤០នាទីយប់ថ្ងៃទី៦ ខែ សីហា ឆ្នាំ២០២២ នៅត្រង់ចំណុចភ្លើងស្តុបបុរីអង្គរ តាមបណ្ដោយផ្លូវលេខ១០០៣ កែងនឹងផ្លូវបុរីអង្គរ ស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាកFord Ranger​ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BL-9848ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១០០៣ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតទៅខាងឆ្វេងដៃជ្រុលទៅបុកបង្កាន់ដៃស្ពាន បាក់អស់ចំនួន៤ផ្ទាំង ចំណែករថយន្តដាំក្បាលធ្លាក់ចូលប្រឡាយទឹកស្អុយ ហើយភ្លាមៗនោះត្រូវបានបងប្អូនប្រជាពលរដ្ឋឃើញហេតុការណ៍នោះ នាំគ្នាចុះទៅជួយសង្គ្រោះដោយយកតៃកុងរថយន្តឡើងមកលើវិញ ដោយមិនមានរងរបួសនោះទេ។ បើតាមការរៀបរាប់ពីអ្នកបើកបររថយន្តបានប្រាប់ដឹងថា រូបគាត់បានបើករថយន្តមកដល់កន្លែងកើតហេតុស្រាប់តែងោកមួយភាំងបណ្ដាលឱ្យរេចង្កូតទៅបុកបង្កាន់ដៃស្ពានធ្លាក់ចូលទឹកប្រឡាយតែម្ដង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញមកស្ទូចយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕

...

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print