ខេត្តតាកែវ ៖ នៅថ្ងៃសៅរ៍ ០៩កើត ខែស្រាពណ៍ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី ៦ ខែសីហា ឆ្នាំ ២០២២ វេលាម៉ោង ២១ និង ៣០ នាទី មានករណីធ្វើឱ្យខូចដោយចេតនា(គប់កញ្ចក់រថយន្ត) មួយករណី កើតឡើងនៅចំណុចមុខវត្តសំណាប លើផ្លូវជាតិលេខ៣១ ចន្លោះគីឡូម៉ែត្រលេខ ២-៣ ស្ថិតនៅភូមិសូទៃ ឃុំញ៉ែងញ៉ង ស្រុកត្រាំកក់ ខេត្តតាកែវ បណ្តាលឱ្យខូចខាត រថយន្តដឹកទំនិញ ម៉ាកហុីយ៉ាន់ដាយ ត្រាហ្គោ(Tra go)ពណ៌ត្រួយចេក ពាក់ផ្លាកលេខកំពង់ធំ3B0265 បែកថ្ពាល់ខាងឆ្វេងមួយកន្លែង ។ នេះបើយោងតាមផេកស្នងការដ្ឋាននគរបាលខេត្តតាកែវ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២។
សូមបញ្ជាក់ថា, ក្រោយទទួលបានព័ត៌មានពីជនរងគ្រោះ ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ព្រមទាំងមានការសម្របសម្រួលនីតិវិធីពីសំណាក់លោក ព្រះរាជ្ញា អមសាលាដំបូងខេត្តតាកែវ កម្លាំងអធិការដ្ឋាននគរបាលស្រុកត្រាំកក់ បានចុះអន្តរាគមន៍ភ្លាមៗ និងបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់មានឈ្មោះ អ៊ុន សំណាង ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិសឹង្ហ ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ ព្រមទាំងដកហូតវត្ថុតាងម៉ូតូមួយគ្រឿង ធុនc125 ពណ៍ខ្មៅ ពាក់ផ្លាកលេខតាកែវ1Z-7469 ចំណែកបក្ខពួកចំនួន០៦នាក់ទៀត បានរត់គេចខ្លួនបាត់។ បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង កម្លាំងជំនាញ កំពុងធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី រីឯកបក្ខពួកដែលបានរត់គេចខ្លួន កម្លាំងជំនាញបានកំណត់អត្តសញ្ញាណ តាមចាប់ខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ឱ្យខានតែបាន៕
.ដោយ : សហការី