នាវាចម្បាំងរបស់ចិននិងតែវ៉ាន់ តាមប្រកៀកប្រកិតគ្នានៅដែនសមុទ្រនាថ្ងៃទី៧ខែសីហា មុនពេលទីក្រុងប៉េកាំងជិតបញ្ចប់ការធ្វើសមយុទ្ធរយៈពេល៤ថ្ងៃ ជុំវិញកោះតៃវ៉ាន់។
នាវាចម្បាំងប្រមាណ១០គ្រឿងរបស់ចិន និង១០គ្រឿងរបស់តៃវ៉ាន់ បានតាមប្រកៀកគ្នានៅក្នុងតំបន់ សមុទ្របែងចែកព្រំដែនទឹកប្រទេសទាំងពីរ។ សកម្មភាពខាងលើមិនខុសអ្វីពីការលេងល្បែងឆ្មានិងកណ្តុរ ក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់នោះទេ ។ សមយុទ្ធរបស់ចិនគឺជាការឆ្លើយតបចំពោះដំណើរទស្សនកិច្ចរបស់ប្រធានសភាតំណាងរាស្រ្តអាមេរិក មកកាន់កោះតៃវ៉ាន់ ត្រូវបានគ្រោងនឹងបិទបញ្ចប់ទៅវិញ ក្នុងថ្ងៃនេះ។
នាវាចម្បាំងប្រមាណជា១០គ្រឿង មកពីខាងចិន និងប្រហែល១០គ្រឿងមកពីខាងតៃវ៉ាន់ បានធ្វើដំណើរប្រកៀកៗគ្នានៅច្រកសមុទ្រតៃវ៉ាន់ ដោយនាវាចិនខ្លះ បានឆ្លងចូលខ្សែបន្ទាត់កណ្តាល ដែលខណ្ឌចែកភាគីទាំងពីរ។ ស្របពេលដែលក្រុមនាវាចម្បាំងចិន ព្យាយាមរុលចូលខ្សែបន្ទាត់កណ្តាល ដូចដែលពួកគេបានធ្វើកាលពីថ្ងៃសៅរ៍ ក្រុមនាវាចម្បាំងតៃវ៉ាន់បានស្ថិតនៅកៀកដើម្បីឃ្លាំមើល ហើយពេលខ្លះគឺរារាំងមិនឱ្យខាងចិនឆ្លងចូលមកបានតែម្តង។
ការបំពេញទស្សនកិច្ចរបស់លោកស្រី ណាន់ស៉ី ប៉េឡូស៉ី (Nancy Pelosi) កាលពីថ្ងៃអង្គារ-ពុធសប្តាហ៍នេះនៅកោះតៃវ៉ាន់ បានធ្វើឱ្យចិនខឹងសម្បាជាខ្លាំង។ ទីក្រុងប៉េកាំងបានឆ្លើយតបវិញតាមរយៈការធ្វើសមយុទ្ធបាញ់ផ្លោងមីស៉ីលបាលីស្ទីគ រំលងតៃវ៉ាន់ជាលើកដំបូងបំផុត និងកាត់ផ្តាច់កិច្ចសន្ទនាជាច្រើនជាមួយសហរដ្ឋអាមេរិក។ សមយុទ្ធយោធាទ្រង់ទ្រាយធំរបស់ចិនដែលផ្តោតទៅលើទីតាំងចំនួន៦ជុំវិញកោះតៃវ៉ាន់ បានចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍ ហើយត្រូវបានកំណត់ថា នឹងបិទបញ្ចប់ទៅវិញនៅវេលាថ្ងៃត្រង់ ថ្ងៃអាទិត្យនេះ៕ ដោយធីរីណា
រូបថត : Zingnews.vn