ភ្នំពេញ : និន្នាការសាកលនៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ បានជំរុញឱ្យកម្ពុជាពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្នុងន័យនេះក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំវគ្គបណ្ដុះបណ្ដាលតាមអនឡាញស្ដីពី ការបង្រៀនពីចម្ងាយតាមប្រព័ន្ធអេឡិចត្រូនិក ដែលមានសិក្ខាកាមចូលរួមសរុប១៨០នាក់ ស្រី៦២នាក់ ជូនដល់គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ នៃវិទ្យាល័យហ៊ុន សែន ឈូក ខេត្តកំពត និងវិទ្យាល័យព្រះរាជបូជនីយកិច្ច ខេត្តស្ទឹងត្រែង ដែលមានការអញ្ជើញចូលរួមបើកវគ្គបណ្ដុះបណ្ដាលដោយ លោកបណ្ឌិត ម៉ុក សារ៉ុម អគ្គនាយករង នៃអគ្គនាយកដ្ឋានអប់រំ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ តាមអនឡាញ។
វគ្គបណ្ដុះបណ្ដាលនេះ រៀបចំឡើងដោយនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន គាំទ្រថវិកាដោយគម្រោងអភិវឌ្ឍន៍វិស័យអប់រំមធ្យមសិក្សាទុតិយភូមិទី២ (USESDP-II) ក្នុងនោះដែរ នាយកដ្ឋានបានរៀបចំបណ្ដុះបណ្ដាលដោយមានសិក្ខាកាមចូលរួមសរុបចំនួន ៨៩០នាក់ ស្រី៤៣៤នាក់ ដែលគ្រោងបញ្ចប់នៅក្នុងខែសីហា ឆ្នាំ២០២២ នូវចំនួនសិក្ខាកាមសរុប ១២៥០នាក់ ដើម្បីឆ្លើយតបជាមួយនឹងការរីកចម្រើនថ្មីៗរបស់បច្ចេកវិទ្យាព័ត៌មាន ក្នុងការចូលរួមលើកកម្ពស់សមត្ថភាពបុគ្គលិកអប់រំ ជាពិសេសគ្រូបង្រៀនលើជំនាញការអប់រំឌីជីថល។
តាមរយៈវគ្គបណ្ដុះបណ្ដាលនេះ គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ ដែលជាសិក្ខាកាមទទួលបានចំណេះដឹងពាក់ព័ន្ធបច្ចេកវិទ្យាព័ត៌មានដែលស្រាប់ និងអ្វីដែលក្រសួងអប់រំបានបង្កើតដូចជា៖
-ការប្រើប្រាស់អ៊ីមែលផ្លូវការក្រសួងអប់រំ យុវជន និងកីឡា
-ការប្រើប្រាស់ក្ដារខៀនឌីជីថល Open Board
-ការប្រើប្រាស់ធនធានអប់រំ OER
-ការប្រើប្រាស់ធនធានអប់រំ E-Learning platform
-ការប្រើប្រាស់កម្មវិធី Screen Recorder Loom
-ការប្រើប្រាស់ Google Classroom សម្រាប់បង្កើតថ្នាក់រៀន គ្រប់គ្រងថ្នាក់រៀន បង្រៀន និងរៀនពីចម្ងាយ
-ប្រើប្រាស់កម្មវិធី Google Workspace for Education សម្រាប់គ្រប់គ្រងការបង្រៀនពីចម្ងាយតាមប្រព័ន្ធអេឡិចត្រូនិក សម្រាប់ចែករំលែកឯកសារបង្រៀន ធ្វើសំណួរស្ទង់សមត្ថភាពសិស្ស និងការស្រង់អវត្តមានសិស្សជាដើម
-បច្ចេកទេសក្នុងការផលិតមាតិការអប់រំខ្លីៗ
-ការប្រើប្រាស់ elearning.moeys.gov.kh សម្រាប់សិក្សាវគ្គបណ្ដុះបណ្ដាល ឬវគ្គសិក្សាខ្លីៗរបស់ក្រសួងអប់រំ យុវជន និងកីឡាតាមរយៈអនឡាញ
-ការប្រើប្រាស់ oer.moeys.gov.kh ជាធនធានអប់រំបើកចំហសម្រាប់បង្កើន និងចែករំលែកចំណេះដឹង
ក្នុងដំណើរការវគ្គបណ្ដុះបណ្ដាល មានការស្ទង់មតិមុនវគ្គ និងក្រោយវគ្គ ជាពិសេសនៅពេលបញ្ចប់វគ្គបណ្ដុះបណ្ដាលមានការរៀបចំប្រឡងបញ្ចប់តាមអនឡាញ ដើម្បីទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សាក្នុងរយៈពេល១៦ម៉ោង ក្នុងការធានាបាននូវគុណភាពវគ្គ និងបញ្ជាក់អំពីសមត្ថភាពក្នុងការអនុវត្តកម្មវិធីនានា ដែលវគ្គបណ្ដុះបណ្ដាលបានផ្ដល់ជូន ហើយបានចូលរួមក្នុងការបង្កើនប្រសិទ្ធភាពអប់រំឌីជីថលដោយការបង្រៀនពីចម្ងាយ៕
ដោយ : សិលា