ការដ្ឋានសំណង់ខុនដូ២៨ជាន់ ជាប់សាលាខណ្ឌទួលគោក ធ្លាក់ដែករន្ទាជាច្រើនដើម របួសមេការសំណង់ម្នាក់យ៉ាងធ្ងន់ធ្ងរ និងខូចខាតរថយន្ត៤គ្រឿង

ចែករំលែក៖

ភ្នំពេញ : ដែករន្ទាជាច្រើនដើម បានធ្លាក់រាយប៉ាយលើដងផ្លូវ ពីជាន់លើបំផុត នៃសំណង់អគារខុនដូរមួយកន្លែងជាប់សាលាខណ្ឌទួលគោក ចំឡាន៤គ្រឿង និង របួសមេការសំណង់ម្នាក់យ៉ាងធ្ងន់ធ្ងរ នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ នេះ។

សូមបញ្ជាក់ថា, ការដ្ឋានសំណង់ខុនដូ ជាប់សាលាខណ្ឌទួលគោក រាជធានីភ្នំពេញ នេះ បានបង្កបញ្ហាជាច្រើនលើកដល់អ្នកដទៃ ពិសេស មានអំណាចណាស់ ស្ទើរយកផ្លូវសាធារណៈមួយជំហៀងដើម្បី ដាក់ដែក ថ្ម ខ្សាច់ ស្មើអនាធិបតេយ្យ ប៉ុន្តែអាជ្ញាធរខណ្ឌទួលគោក តាំងពីសម័យលោក ឯក ឃុនដឿន រហូតមកដល់លោក ជា ពិសី មកកាន់ជាអភិបាលខណ្ឌទួលគោក ក៏មិនមានវិធានការ ដែលគេសង្ស័យថា, អាចមានខ្សែក្រាស់ ឬជាប់ពាក់ព័ន្ធនឹងប្រយោជន៍ណាមួយ។

ការដ្ឋានសំណង់ដ៏ធំជាប់សាលាខណ្ឌទួលគោក មិនត្រឹមតែយកផ្លូវសាធារណៈ ស្ទើរទាំងស្រុងទេ ក៏អាចនឹងបង្កហានិភ័យខ្ពស់ដល់អ្នកដំណើរ ចំពោះការសាងសង់ គ្មានរៀបចំស្តង់ដារហ៊ុំព័ទ្ធការដ្ឋានអោយបានត្រឹមត្រូវនោះ ! ខណៈហ៊ុំព័ទ្ធការដ្ឋានដែរ តែការលើកដែក ថ្ម ខ្សាច់ មើលទៅច្រង៉េងច្រង៉ាង ដែកចេញមកចំកណ្តាលៗថ្នល់ នេះអាចចាត់ទុកជាហានិភ័យខ្ពង់ផងដែរដល់អ្នកដំណើរ ឬបុគ្គលិក កម្មករ ។
សូមបញ្ជាក់ថា, ការដ្ឋានសំណង់អគារដ៏ធំមួយកន្លែងស្ថិតនៅ ទីតាំងលើផ្លូវលេខ៥៩៦ សង្កាត់បឹងកក់ទី២ ជាប់នឹងសាលាខណ្ឌទួលគោក តែម្តង បានយកផ្លូវសាធារណៈជាងពាក់កណ្តាល ធ្វើជាកន្លែងចាក់បេតុង បង្កផលលំបាកដល់អ្នកដំណើរ , ការហ៊ុំព័ទ្ធការដ្ឋានមិនត្រឹមត្រូវតាមលិខិតអនុញ្ញាត , យកផ្លូវសាធារណៈ ដាក់ថ្ម ខ្សាច់ ដែក គ្មានសណ្តាប់ធ្នាប់, ខ្សែរ៉តយោងសម្រាប់លើកដែក ថ្ម ខ្សាច់ ដាក់ចំពីលើផ្លូវសាធារណៈ អាចបង្កហានិភ័យខ្ពស់បំផុត គ្រោះថ្នាក់កើតឡើងជាយថាហេតុណាមួយ ប្រសិនបើ ជ្រុះធ្លាក់ដែក ថ្ម ឬដាច់ នេះជាដើម។

បើតាមការលើកឡើងពីមន្ត្រីមូលដ្ឋាន បានបញ្ជាក់ថា, សំណង់នេះសង់កម្ពស់ ២៨ជាន់ មានច្បាប់អនុញ្ញាតត្រឹមត្រូវ ប៉ុន្តែកន្លងទៅគ្រាន់តែការសាងសង់ គឺយកផ្លូវសាធារណៈស្ទើរទាំងស្រុងសម្រាប់ជាទីតាំងដំណើរការរបស់ខ្លួន ប៉ះពាល់ផលប្រយោជន៍សាធារណៈរួមរបស់ប្រជាពលរដ្ឋ ហើយអាជ្ញាធរមិនបានគិតគូរសោះ ។
ប្រជាពលរដ្ឋបានលើកឡើងថា, ការដ្ឋាននេះនៅមិនឆ្ងាយពីសាលាខណ្ឌទេ គឺជាប់សាលាខណ្ឌតែម្តង គួរណាស់មន្ត្រីជំនាញ អាជ្ញាធរ ពិសេសលោកអភិបាលនៃគណៈអភិបាលខណ្ឌទួលគោក មេត្តាជួយពិនិត្យរៀបចំសណ្តាប់ធ្នាប់អោយបានត្រឹមត្រូវផង។
សូមជម្រាបជូនថា, កន្លងមកការដ្ឋានសាងសង់ ដែលគ្មានការហ៊ុំព័ទ្ធការដ្ឋានអោយបានត្រឹមត្រូវ ការយកផ្លូវសាធារណៈ ជាកន្លែងដាក់សំភារៈបម្រើអោយការងារសំណង់ គឺលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញ បញ្ជាអោយផ្អាក ដើម្បីអនុវត្តអោយបានត្រឹមត្រូវតាមលិខិតអនុញ្ញាត។ ដោយឡែកសំណង់ខាងលើនេះ តើអភិបាលខណ្ឌទួលគោក លោក ជា ពិសី ទើបមកកាន់តំណែងថ្មី មានវិធានការដែរ ឬមួយយ៉ាងណា ?
ពាក់ព័ន្ធករណីសំណង់ខាងលើយកផ្លូវសាធារណៈធ្វើជាកន្លែងដាក់ដែក ថ្ម ខ្សាច់ ដាក់ឡានចាក់បេតុង ដោយគ្មានសណ្តាប់ធ្នាប់នោះ កន្លងទៅលោក ភក្ត្រា ជាមេការសំណង់ បានប្រាប់អង្គភាព”នគរដ្រេហ្គន”តាមទូរស័ព្ទថា, លោកទទួលស្គាល់លើបញ្ហានេះមែន តែចំពោះការរៀបចំអោយបានល្អ ឬបញ្ចៀសការប៉ះពាល់ផ្លូវសាធារណៈ លោកអះអាងថា ចាំលោកសួរមេធំរបស់គាត់សិន ។
ករណីកើតហេតុធ្លាក់ដែកជាច្រើនកាលពីព្រឹកមុិញនេះ ភ្លាមៗគេដឹកអ្នករបួសទៅពេទ្យ យកឡានប៉ះពាល់ចេញភ្លាមៗ ដើម្បីបញ្ជៀសដឹងដល់អ្នកសារព័ត៌មាន ដឹងផ្សាយឮដល់ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដឹងតែបញ្ជាបិទការដ្ឋានតែម្តង ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print