ខេត្តកំពង់ធំ ៖ លោកអ៊ុត វណ្ណរ៉ា អភិបាលស្រុកសណ្តាន់បានឱ្យដឹងនាថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២នេះថា ជនដែលកាប់បំផ្លាញព្រៃឈើនៅចំណុចថ្នាលបណ្តុះកូនឈើរដ្ឋបាលព្រៃឈើស្រុកសណ្តាន់ យកដីជាកម្មសិទ្ធិផ្ទាល់ខ្លួននោះ រូបលោកមិនទាន់បានទទួលឯកសារអំពីជំនាញរដ្ឋបាលព្រៃឈើនៅឡើយទេ ហើយក៏លោកមិនបានដឹងស៊ីជម្រៅដែរ តែកន្លងមកនេះខាងប្រជាពលរដ្ឋ គឺខាងរដ្ឋបាលស្រុកបានទទួលការដោះស្រាយ ជាមួយរដ្ឋបាលព្រៃឈើ។
លោកអភិបាលស្រុកបានបញ្ជាក់ថា បញ្ហាខាងលើនេះគឺមានជាយូរណាស់មកហើយ តែខាងជំនាញរដ្ឋបាលព្រៃឈើថា ជាទីតាំងថ្នាលបណ្តុះកូនឈើក្នុងដែនរបស់ខ្លួនគ្រប់គ្រង។
លោក សៅ វ៉ាន្នី នាយផ្នែករដ្ឋបាលព្រៃឈើសណ្ដាន់បានឱ្យដឹងថា ថ្នាលបណ្តុះកូនឈើនេះបង្កើតតាំងពីឆ្នាំ២០១១ មកម្ល៉េះ កាលពីខែវិច្ឆិកា ឆ្នាំ២០២១មានជនសង្ស័យ (ដោយមិនបានកំណត់អត្តសញ្ញាណនៅឡើយទេ) បានមកកាប់រានព្រៃហ៊ុមព័ទ្ធ ឈូសឆាយដីព្រៃ កាន់កាប់ដីព្រៃឈើ ហើយជំនាញបានទៅសម្ងំចាប់ជនល្មើសនោះតែអត់ឃើញសោះ ។ លុះក្រោយមកទៀតជននោះបានលួចធ្វើរបង រហូតដល់លោកបានសុំយោបល់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ ហើយមកដល់ចុងឆ្នាំ២០២១ ក៏បានបង្កើតក្រុមការងារ មានអាជ្ញាធរភូមិ ឃុំ និងជំនាញ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញា ដើម្បីទៅរុះរើរបងដែលជនល្មើសបោះយកដីព្រៃឈើខាងលើនេះ ហើយជំនាញក៏បានបញ្ជូនសំណុំរឿងទៅតុលាការហើយ ដោយដាក់បណ្តឹងជាអត្តញ្ញាណជន ។
លោកនាយផ្នែករដ្ឋបាលព្រៃឈើសណ្ដាន់បានបន្តថា រហូតបានរយៈពេលប្រមាណជា១ខែក្រោយទៀត ជនល្មើសនោះបានលួចយកកូនស្វាយចន្ទី ដំឡូង និងចេកទៅដាំលើទីតាំងខាងលើនេះ។ ដីនោះមិនមែនជាដីដំណាំទេ គឺជាដីព្រៃឈើទាំងអស់ រួចជំនាញបានទៅបំផ្លាញចោលម្តងទៀត ។ ទើបតែថ្មីៗនេះ គឺនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ កន្លងមកនេះ ជនល្មើសបានយកកូនស្វាយចន្ទី និងគល់ចេកទៅដាំលើដីនោះទៀត ហើយជំនាញយើងក៏បានចុះទៅពិនិត្យ ដោយមានលោក ស៊ី កុសល នាយរងខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ បានដឹកនាំក្រុមការងារ មេឃុំ តែខាងស្រុកគឺមិនបានចូលរួមទេ គឺលោក គង់ សុធា អភិបាលរងស្រុកថាជាប់រវល់ ដើម្បីចូលរួមពិនិត្យទីតាំងខាងលើនេះ ។
លោកនាយផ្នែករដ្ឋបាលព្រៃឈើសណ្ដាន់បានបញ្ជាក់ថា ពេលនេះគឺជំនាញបានតម្រុយខ្លះៗហើយ និងកំណត់មុខសញ្ញាដើម្បីឃាត់ខ្លួន និងបញ្ជូនសំណុំរឿងទៅកាន់សាលាដំបូងខេត្តចាត់ការតាមច្បាប់ ។
ដោយឡែកលោកស៊ី កុសល នាយរងខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំបានបញ្ជាក់ថា ទីតាំងខាងលើនេះគឺខាងរដ្ឋបាលព្រៃឈើបានបញ្ជូនសំណុំរឿងទៅកាន់សាលាដំបូងខេត្តកំពង់ធំរួចហើយ។ ក៏ប៉ុន្តែជនល្មើសទាំងអស់នោះបានធ្វើសកម្មភាពមកកាប់បំផ្លាញព្រៃឈើពេលយប់ជ្រៅ ដោយកាប់បណ្តើរដុតបំផ្លាញបណ្តើរ ហើយបានលួចយកកូនស្វាយចន្ទីមកដាំបណ្តើរ និងបានដាំដំឡូង ទៀតផង។មិនត្រឹមតែប៉ុណ្ណោះទេជនទាំងនោះក៏បានបោះជារបងផងដែរ ។ មិនអាចលើកលែងបានទេចំពោះជនទាំងឡាយណាដែលបានលួចកាប់បំផ្លាញព្រៃឈើដើម្បីយកដីជាកម្មសិទ្ធិផ្ទាល់ខ្លួន។
សូមបញ្ជាក់ថា ទីតាំងដីព្រៃឈើដែលទទួលរងការកាប់រានព្រៃហ៊ុមព័ទ្ធ ឈូសឆាយដីព្រៃ កាន់កាប់ដីព្រៃឈើចំនួន ០១កន្លែងនៅចន្លោះចំណុចនិយាមកា (៥៣៧៦៥២-១៤៤៥៩៩២,៥៣៧៨៣៩-១៤៤៥៩៨៤,៥៣៧៨២៨ ១៤៤៥៧៩៧,៥៣៧៥៨៥-១៤៤៥៨១១ និង៥៣៧៦៥៦-១៤៤៥៣៩៧) មានផ្ទៃដីទំហំ ៣២.២៨២.១៦ហិកតា ឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ៕ ដោយ កែវមន្នី