សពយុវជន ដែលរអិលជើងធ្លាក់ទឹកស្លាប់៣នាក់ នៅទំនប់បង្ហៀរទឹកក្រុមហ៊ុនលឹម ប៊ុណ្ណា នៅស្រុកស្ទោង ត្រូវបានរកឃើញហើយ

ចែករំលែក៖

(កំពង់ធំ)៖ ក្រោមការខិតខំប្រឹងប្រែង ពីកម្លាំងសមត្ថកិច្ចចំរុះខេត្ត កម្លាំងសមត្ថកិច្ចក្នុងស្រុកស្ទោង រួមជាមួយក្រុមគ្រួសារជនរងគ្រោះ  ដែលរអិលជើងធ្លាក់ទឹកម្សិលមិញនេះ ត្រូវបានរកឃើញសាកសពហើយ ចំនួន៣នាក់ នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ ។

    គួររំលឹកផងដែរ យោងតាមប្រភពពីសមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកស្ទោង ឱ្យដឹងថា នៅថ្ងៃទី ០៧ ខែសីហា ឆ្នាំ ២០២២ វេលាម៉ោងប្រមាណ ១៦ និង ៥០ នាទី នៅចំណុចទំនប់ទឹកបង្ហៀរក្រុមហ៊ុន លឹម ប៊ុនណា ស្ថិតនៅក្នុងភូមិត្រាច ឃុំកំពង់ចិនជើង  ស្រុកស្ទោង  ខេត្តកំពង់ធំ មានករណីមនុស្សចុះលេងទឹក  ហើយបានរអិលជើងធ្លាក់បណ្ដាលឲ្យលង់ស្លាប់ចំនួន ៣នាក់ ក្នុងនោះ៖១/ ឈ្មោះនីសុផាតនិត ភេទប្រុសអាយុ ១៧ឆ្នាំ  មានទីលំនៅរស់នៅក្នុងភូមិកំពង់ក្តី  ឃុំកំពង់ចិនត្បូង  ស្រុកស្ទោងខេត្តកំពង់ធំ។២/ ឈ្មោះ ប៉ា  សុវណ្ណារដ្ឋ ភេទប្រុស  អាយុ ១៦ ឆ្នាំ  មានទីលំនៅរស់នៅភូមិត្នោត  ឃុំកំពង់ចិនជើង  ស្រុកស្ទោង  ខេត្តកំពង់ធំ។និងទី៣/ មានឈ្មោះ ប៉ា បញ្ញាលៀង សុផានិត  ភេទប្រុសអាយុ ១២ឆ្នាំ មានទីលំនៅ  ក្នុងភូមិបឹងកុក ក្រុង/ខេត្តកំពង់ចាម ។

   យោងតាមសាក្សី  នៅកន្លែងកើតហេតុបានបញ្ជាក់ឱ្យដឹងដែលថា មុនពេលកើតហេតុ មានក្មេងប្រុសម្នាក់ ឈ្មោះ (ប៉ា បញ្ញាលៀងសុផានិត) រអិលជើងធ្លាក់ទឹកនៅចំណុចទំនប់បង្ហៀរ  ឃើញយ៉ាងដូច្នេះក្មេងប្រុសម្នាក់ទៀតឈ្មោះ នី សុផានិត បានចុះទៅជួយចាប់ទាញដៃ ខណៈនោះក៏មានក្មេងប្រុសម្នាក់ទៀតឈ្មោះ ប៉ា សុវណ្ណារដ្ឋ  ក៏បានចុះទៅជួយដែរ  ប៉ុន្តែត្រូវបានទឹកហូរកួចលិចបាត់ទាំង៣អ្នកតែម្ដង។

   ពេលទទួលបានដំណឹងករណីនេះដែរកម្លាំងសមត្ថកិច្ចស្រុកស្ទោង និង សាច់ញាតិ  ព្រមទាំងក្រុមជួយសង្គ្រោះក៏បានប្រឹងប្រែងស្វែងរករហូតដល់ម៉ោង ១៩ និង ០០នាទី នៅតែរូបជនរងគ្រោះទាំងបីនាក់នោះមិនឃើញឡើយ។

    រហូតមកដល់ថ្ងៃទី០៨ ខែសីហា ឆ្នាំ ២០២២ វេលាម៉ោងប្រមាណ ១៤ និង ៤៧នាទី សពជនរងគ្រោះត្រូវបានរកឃើញ ទាំង៣នាក់ នៅចំណុចក្បែរកន្លែងកើតហេតុចម្ងាយប្រមាណ ១០០ម៉ែត្រ។បច្ចុប្បន្នសពត្រូវប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីរៀងៗខ្លួន។

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print