អគ្គនាយកដ្ឋានពន្ធដារទទួលបាននូវការបន្តសុពលភាពវិញ្ញាបនបត្រស្តង់ដារ ISO/IEC 27001:2013 ស្តីពីប្រព័ន្ធគ្រប់គ្រងសន្តិសុខព័ត៌មានវិទ្យា លើកទី៣ ប្រចាំឆ្នាំទី៦ រហូតដល់ឆ្នាំ២០២៥

ចែករំលែក៖

ភ្នំពេញ : បើតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី អគ្គនាយកដ្ឋានពន្ធដារទទួលបាននូវការបន្តសុពលភាពវិញ្ញាបនបត្រស្តង់ដារ ISO/IEC 27001:2013 ស្តីពីប្រព័ន្ធគ្រប់គ្រងសន្តិសុខព័ត៌មានវិទ្យា លើកទី៣ ប្រចាំឆ្នាំទី៦ រហូតដល់ឆ្នាំ២០២៥។
អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ បានបញ្ជាក់ថា, នាថ្ងៃចន្ទ ១១កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ម្សិលមុិញ អគ្គនាយកដ្ឋានពន្ធដារ ទើបតែទទួលបាននូវការបន្តសុពលភាពវិញ្ញាបនបត្របញ្ជាក់អំពី “ការទទួលស្គាល់បន្តកម្រិត ISO លើប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព បច្ចេកវិទ្យាព័ត៌មាន” ពីស្ថាប័នវាយតម្លៃស្តង់ដារសហគ្រាស (BSI) ប្រចាំចក្រភពអង់គ្លេស។ ស្ថាប័នអន្តរជាតិមួយនេះបានពិនិត្យ និងវាយតម្លៃលើប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពបច្ចេកវិទ្យាព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារជាប់ជាប្រចាំ ដោយមានវិសាលភាពគ្របដណ្តប់ទាំងលើមជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យ Data Center និងហេដ្ឋារចនាសម្ព័ន្ធរួមផ្សំនានាដែលអគ្គនាយកដ្ឋានពន្ធដារបាន និងកំពុងអភិវឌ្ឍ ព្រមទាំងប្រើប្រាស់ក្នុងការបំពេញការងារគ្រប់គ្រង និងប្រមូលចំណូលពន្ធនាពេលបច្ចុប្បន្ន។

ក្រោមការដឹកនាំដោយយកចិត្តទុកដាក់ និងផ្តល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ អគ្គនាយកដ្ឋានពន្ធដារទទួលបានវិញ្ញាបនបត្រ ជាផ្លូវការលើស្តង់ដា ISO/IEC 27001:2013 ស្តីពីប្រព័ន្ធគ្រប់គ្រងសន្តិសុខព័ត៌មានវិទ្យាលើកដំបូង នាឆ្នាំ២០១៦ ដែលមាន សុពលភាពរយៈពេល ៣ឆ្នាំ ដោយតម្រូវឱ្យមានការធ្វើសវនកម្មតាមដានលើការអនុវត្តការងារស្ដង់ដារជាប្រចាំឆ្នាំ។ ជាលទ្ធផល បន្តបន្ទាប់អគ្គនាយកដ្ឋានពន្ធដារ បន្តអនុលោមភាពដោយទទួលបានវិញ្ញាបនបត្រលើស្តង់ដារជាលើកទី២ នាឆ្នាំ២០១៩។ តាមរយៈ កិច្ចខិតខំប្រឹងប្រែងឥតឈប់ឈរអគ្គនាយកដ្ឋានពន្ធដារ ក៏បន្តទទួលបានវិញ្ញាបនបត្រស្ដីពីប្រព័ន្ធគ្រប់គ្រងសន្តិសុខព័ត៌មានវិទ្យា ជាលើកទី៣ សម្រាប់សុពលភាពឆ្នាំ២០២២ ដល់ឆ្នាំ២០២៥ ពីស្ថាប័នវាយតម្លៃស្តង់ដារសហគ្រាស (BSI) ប្រចាំចក្រភពអង់គ្លេស។

ស្របតាមការកែទម្រង់គោលនយោបាយសារពើពន្ធ និងការដឹកនាំដ៏ឈ្លាសវៃរបស់ ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកដ្ឋានពន្ធដារ មានចក្ខុវិស័យដាក់ឱ្យអនុវត្តស្តង់ដារថ្មីៗបន្ថែមទៀត ដោយមានការទទួលស្គាល់ពីស្ថាប័នវាយតម្លៃស្តង់ដារ អន្តរជាតិ ដើម្បីក្លាយជារដ្ឋបាលសារពើពន្ធទំនើបទាន់សម័យ ដែលប្រើប្រាស់បច្ចេកវិទ្យាឌីជីថលយ៉ាងទូលំទូលាយក្នុងកម្រិតតំបន់ និងសកល៕

...


ដោយ : សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print