ខេត្តកណ្តាល : នៅរសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ រដ្ឋបាលខេត្តកណ្តាល បានចេញសេចក្តីជូនដំណឹង
ស្តីពី ការសាងសង់ផ្លូវតភ្ជាប់ពីមហាវិថីសម្ដេចតេជោ ហ៊ុន សែន (ផ្លូវ ៦០ម៉ែត) ទៅអាកាសយានដ្ឋាន អន្តរជាតិតេជោក្រុងតាខ្មៅ ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាល
យោង + -លិខិតលេខ ២១០៦ ដនស/អលឋ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
-ស្មារតីកិច្ចប្រជុំនៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តកណ្តាល។
រដ្ឋបាលខេត្ត មានកិត្តិយសសូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ឱ្យបានជ្រាបថា គម្រោងសាងសង់ អាកាសយានដ្ឋានតេជោក្រុងតាខ្មៅនឹងដាក់ឱ្យដំណើរការលើកដំបូងនៅឆ្នាំ២០២៣ ខាងមុខនេះ ដែលក្នុងនោះ តម្រូវឱ្យមានការសាងសង់ផ្លូវចូលអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ មានប្រវែង ១១,១៧គីឡូម៉ែត្រ និងទទឹង ៦០ម៉ែត្រ ដោយតភ្ជាប់ពីមហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ ៦០ម៉ែត្រ) ។ ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ុនវេសមិន ឯ.ក នឹងធ្វើការឈូសឆាយផ្លូវដែលបានកំណត់ដូចខាងលើ រហូតដល់បញ្ចប់ជាស្ថាពរ តាមផែនការ ដែលបានគ្រោងទុក។
រដ្ឋបាលខេត្ត ស្នើឱ្យបងប្អូនប្រជាពលរដ្ឋមេត្តាចូលរួមសហការ ឱ្យគម្រោងសាងសង់ផ្លូវដែលជាផល ប្រយោជន៍ជាតិនេះទទួលបានជោគជ័យ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍក្នុងខេត្ត។ ក្នុងករណីមានផលប៉ះពាល់ ដល់ដីកម្មសិទ្ធិបងប្អូនប្រជាពលរដ្ឋ នឹងធ្វើការដោះស្រាយទូទាត់សំណងផលប៉ះពាល់ស្របតាមច្បាប់ជាធរមាន។
សូមបងប្អូនប្រជាពលរដ្ឋ មេត្តាជ្រាប និងសង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋដែលមានដី និង លំនៅឋានពាក់ព័ន្ធ ចូលរួមសហការអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់៕
ដោយ : សិលា