លោកអនុរដ្ឋលេខាធិការ ឆាយ សុផល : លោកយាយ ពេន យុត ជន្មាយុ៩២ព្រះវស្សា ជាអ្នកម្តាយក្មេក ឯកឧត្តមបណ្ឌិត ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន!

ចែករំលែក៖

ភ្នំពេញ : នៅល្ងាចថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ លោក ឆាយ សុផល អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន បានសំណេរលើ facebook លោកថា, លោកយាយ ពេន យុត ជាកូនស្រីទោលនៃគ្រួសារអ្នកទីក្រុងភ្នំពេញ។

– នៅ​មុនឆ្នាំ១៩៧៥ លោក​យាយមានជំនាញផ្នែកកាត់ដេរសម្លៀកបំពាក់ ហើយលោកយាយតែង​តែធ្វើដំណើរទៅបណ្តាខេត្តនានា ជាមួយស្វាមី ទេព ថូ ដែលជាគ្រូ​ពេទ្យយោធា។
– នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ លោកយាយ និងស្វាមី ត្រូវបានកង​ទ័ព​អាវ​ខ្មៅខ្មែរក្រហមជម្លៀសចេញពីទីក្រុងភ្នំពេញទាំងបង្ខំ ឱ្យទៅរស់នៅក្នុងភូមិទ្រាំងក្រោម ឃុំតាឯក ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ មិនខុសពីប្រជាជនកម្ពុជារាប់លាននាក់ទៀតទេ គឺលោកយាយ និងស្វាមីបានទទួល​ពល​កម្មយ៉ាងធ្ងន់ធ្ងរ ដោយមិនមានអាហារហូបគ្រប់គ្រាន់។
– ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ លោកយាយបានវិលមកទីក្រុងភ្នំពេញ​វិញជាមួយស្វាមី ហើយបានជួយកិច្ចស្វាមីដែលជាគ្រូពេទ្យធ្វើការនៅមន្ទីរពេទ្យកាល់ម៉ែត។ បន្ទាប់មក លោកយាយ ក៏បានជួយកិច្ចការនៅឯកាកបាទក្រហមផងដែរ រហូតលោកយាយចូលនិវត្តន៍។ លោកយាយ ពេន យុត និងលោកតា ទេព ថូ មានកូនចំនួន៧នាក់ ដែលមានស្រីតែម្នាក់គត់ គឺលោកជំទាវ ឱសថបណ្ឌិត ខៀវ ទេព រង្ស៊ី កាញារីទ្ធ ជាសាស្រ្តាចារ្យ​មហាបរិញ្ញានៃសាកលវិទ្យាល័យវិទ្យាសាស្រ្ត សុខាភិបាល និងជាប្រធានកិត្តិយសនៃសមាគមនារី ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាននាពេលបច្ចុប្បន្ន។ លោកតា ទេព ថូ បានទទួលមរណកាលដោយរោគាពាធនៅឆ្នាំ២០០១។
លោកយាយ ពេន យុត មានចំណែកដ៏ធំធេងចំពោះការទ្រទ្រង់ផ្នែកពុទ្ធចក្រ ក៏ដូចជាផ្នែកអាណាចក្រផងដែរ។ ចាប់ផ្តើមបដិបត្តិធម៌ជាប្រចាំនៅវត្តមង្គលវ័ន ហៅវត្តស្វាយដង្គុំ ក្នុងរាជធានីភ្នំពេញ នាឆ្នាំ១៩៩១ មក ឧបាសិកា ពេន យុត បានផ្តោតអារម្មណ៍ផ្ចង់ស្មារតីលើសីលទានតាមព្រះពុទ្ធឱវាទ និងបានជួយលើកស្ទួយពុទ្ធសាសនា តាមរយៈការចូលរួមជួសជុល និងកសាងព្រះបដិមា ព្រះវិហារ កុដ សាលាឆាន់ និងរបងវត្តជាដើម។ ដ្បិតតែឧបាសិកា ពេន យុត បានកាន់សីលនៅវត្តស្វាយដង្គុំក៏ពិតមែន ប៉ុន្តែឧបាសិកាបានជួយទ្រទ្រង់វត្តជាច្រើនទៀតទាំងនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា រហូតទទួលបានគោរមងារ “កុសលចិត្តាមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏” នា ឆ្នាំ២០២០ ពី សម្តេចព្រះសង្ឃរាជ ទេព វង្ស។ ជាងនេះទៅទៀត លោកយាយ ក៏ជាពុទ្ធសាសនុបត្ថម្ភមួយរូប ដែលតែងតែជួយឧបត្ថម្ភដល់ការផ្សព្វផ្សាយ និងចំណេះដឹងស្តីពីព្រះពុទ្ធសាសនា និងព្រះធម៌នៅតាមវិទ្យុនិងទីអារាមនានាផងដែរ។
សូមវិញ្ញាណក្ខ័ន្ត កុសលចិត្តាមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ ពេន យុត បានដល់សុគតិភព (ពីខ្ញុំ ឆាយ សុផល)៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print