នៅថ្ងៃទី៩ ខែសីហា ក្រសួងការពារជាតិរុស្ស៊ីបានប្រកាស ពីករណីផ្ទុះនៅអាកាសយានដ្ឋានអន្តរជាតិក្នុងទីក្រុង Saki នៅតំបន់គ្រីមៀ ។ ការផ្ទុះឆេះនោះគឺដោយសារតែឧបទ្ទវហេតុនៅក្នុងឃ្លាំងគ្រាប់ មិនមែនជាការបាញ់ប្រហារពីសត្រូវនោះឡើយ។
សារព័ត៌មាន BBC នៅថ្ងៃពុធ ទី១០ ខែសីហា ឆ្នាំ២០២២ បានផ្សាយថា អាជ្ញាធរនៅក្នុងតំបន់គ្រីមៀបានឱ្យដឹងថា មនុស្សម្នាក់បានស្លាប់ និង៩នាក់ផ្សេងទៀតរងរបួសនៅក្នុងហេតុការណ៍ផ្ទុះដ៏កក្រើកមួយនៅឯមូលដ្ឋានទ័ពអាកាសមួយកន្លែង នៅក្នុងតំបន់គ្រីមៀគ្រប់គ្រងដោយរុស្ស៉ី។
ហេតុការណ៍ផ្ទុះខាងលើបានកើតឡើងនៅឯមូលដ្ឋានទ័ពអាកាសសាគី (Saky) ស្ថិតនៅក្បែរទីក្រុង Novofedorivka នៃតំបន់ឆ្នេរភាគខាងលិចនៃឧបទ្វីបគ្រីមៀ ហើយបើតាមវីដេអូបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម គេឃើញមានការផ្ទុះជាច្រើនលើកបានកើតឡើង ប្រៀបដូចជាការវាយប្រហារ។
ក៏ប៉ុន្តែក្រសួងការពារជាតិរុស្ស៉ីបានអះអាងថា ការផ្ទុះនោះគឺគ្រាន់តែជាគ្រាប់រំសេវដែលត្រូវបានបំផ្ទុះចោលប៉ុណ្ណោះ មិនមែនជាការវាយប្រហារអ្វីនោះទេ ខណៈដែលខាងអ៊ុយក្រែនក៏បានចេញមុខមកបញ្ជាក់ភ្លាមៗដែរថាខ្លួនមិនមានជាប់ពាក់ព័ន្ធនឹងការផ្ទុះនេះឡើយ។
តំបន់គ្រីមៀ ត្រូវបានរុស្ស៉ីក្រសោបយកពីអ៊ុយក្រែនកាលពីឆ្នាំ២០១៤ ហើយទីក្រុងមូស្គូបានព្រមានជាច្រើនលើកថា ការវាយប្រហារ ណាមួយលើតំបន់គ្រីមៀ នឹងតម្រូវឱ្យរុស្ស៉ីត្រូវចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់៕ ដោយ ធីរីណា
រូបថត : RiaNovosti