ខេត្តកំពង់ឆ្នាំង៖ បេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងនៅព្រឹកថ្ងៃពុធទី១០ ខែសីហា ឆ្នាំ២០២២នេះថា៖ កម្លាំងនគរបាលស្រុកជលគិរី ខេត្តកំពង់ឆ្នាំង បានសហការជាមួយកម្លាំងចម្រុះ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកជលគិរី កាលពីថ្ងៃទី០៩ ខែសីហាម្សិលមិញនេះបន្តចុះបង្ក្រាបបទល្មើសនេសាទ ក្នុងភូមិសាស្រ្តក្រោយភូមិក្បាលកន្លង់។
ក្នុងកិច្ចប្រតិបត្តិការខាងលើនេះ កម្លាំងសរុបចំនួន១៦នាក់ មធ្យោបាយបាឡាស្មាច់ចំនួន០៤គ្រឿង ដឹកនាំដោយលោក លី ផល្លីន អភិបាលរងស្រុក ចុះបង្រ្កាបបទល្មើសនេសាទ តាមដងទន្លេក្នុងភូមិសាស្រ្តក្រោយភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។
ជាក់ស្ដែងជាលទ្ធផល៖ រុះរើរបាំងចំនួន ១៧កន្លែង ប្រវែង ៨០០ម៉ែត្រ ,លបលូចំនួន ១២ គ្រឿង,បង្គោលសរុបចំនួន៣៥០ដើម,លែងត្រីចម្រុះ ចំនួន១៥០គីឡូក្រាម។ សម្ភារៈ និងវត្ថុតាង បានកាប់បំផ្លាញនៅនឹងកន្លែង។
ក្រោយពេលបង្ក្រាបសម្ភារៈល្មើសខាងលើនេះ ត្រូវបានក្រុមការងារសម្រេចដុតបំផ្លាញចោលនៅកន្លែងតែម្តង។ ចំពោះមុខសញ្ញាដែលជាម្ចាស់ទីតាំងប្រព្រឹត្តអំពើល្មើសច្បាប់នេះ សមត្ថកិច្ចនគរបាលកំពុងធ្វើការស្រាវជ្រាវសាវតាជាតិ ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត អនុវត្តតាមច្បាប់ ៕
ដោយ៖អារុណរះ