លោកឧត្តមសេនីយ៍ទោ សេង ធារិន អញ្ជើញបើកវគ្គហ្វឹកហ្វឺនពង្រឹងអង្គភាព នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងប៉ៃលិន

ចែករំលែក៖

ខេត្តប៉ៃលិន ៖នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ តំបន់ប្រតិបត្តិការសឹករងប៉ៃលិន បានបើកវគ្គហ្វឹកហ្វឺនពង្រឹងអង្គភាព ស្ថិតក្រោមអធិបតីភាព ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ និងមានការចូលរួមពី មេបញ្ជាការរង នាយសេនាធិការរង នាយការិយាល័យ យោធភូមិភាគទី៥ ព្រមទាំង មេបញ្ជាការរង មេបញ្ជាការ នាយទាហាន នាយទាហានរង តំបន់ប្រតិបត្តិការសឹករងប៉ៃលិន។

ក្នុងវគ្គហ្វឹកហ្វឺនពង្រឹងអង្គភាព តំបន់ប្រតិបត្តិការសឹករងប៉ៃលិននេះមានសិក្ខាកាមចូលរួម ចំនួន ៥០នាក់ សិក្សារយៈពេល ៦១ថ្ងៃ។

លោកឧត្តមសេនីយ៍ទោ សេង ធារិន ក៏បានឲ្យដឹងដែរថា ការបើកវគ្គបំប៉ន ដល់សិក្ខាកាមនេះ ដើម្បីឲ្យពួកគាត់មានជំនាញបច្ចេកទេស ដែលជាមូលដ្ឋានគ្រឹះ ពិសេសបំពេញសមត្ថភាពបន្ថែមជូនដល់យោធិន ឲ្យក្លាយជាគ្រូបង្គោលជាមូលដ្ឋាន សម្រាប់ធ្វើការផ្សព្វផ្សាយចំណេះដឹងបន្ត លើមុខវិជ្ជាសំខាន់ៗ និងចាំបាច់ដើម្បីអនុវត្តឲ្យមានលក្ខណះសមស្រប ទៅតាមអាកាសធាតុ និងភូមិសាស្រ្តជាក់ស្តែង ក្នុងតំបន់រស់នៅនាពេលបច្ចុប្បន្ន ជាការពិតណាស់កម្ពុជានាពេលបច្ចុប្បន្ន មានការរីកចម្រើនលើគ្រប់វិស័យ ដោយសារការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ បានធ្វើឱ្យកម្ពុជា កែប្រែមុខមាត់ថ្មី ជាពិសេសគឺការទប់ស្កាត់នូវជំងឺកូវីដ-១៩ បានយ៉ាងមានប្រសិទ្ឋភាព ដោយបានបើកប្រទេសឡើងវិញ ទទួលភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគគិន ពីបណ្តាប្រទេសលើពិភពលោកឲ្យមកបណ្តាក់ទុននៅកម្ពុជា ជាបន្តបន្ទាប់ សម្រាប់លទ្ធផល នៃការបោះឆ្នោតជ្រើសក្រុមប្រឹក្សា ឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នាពេលកន្លងទៅថ្មីៗនេះ ត្រូវបានអបអរសាទរពីគ្រប់ភាគីពាក់ព័ន្ឋនិងការបោះឆ្នោត មានគណបក្សនយោបាយចូលរួមប្រកួតប្រជែង រូមទាំងអ្នកសង្កេតការណ៍ជាតិ អន្តរជាតិ បានវាយតម្លៃថា ការបោះឆ្នោតបានប្រព្រឹត្តដោយរលូនល្អ សេរី យុត្តិធម៌ តម្លាភាព គ្មានការគំរាមកំហែង គ្មានអំពើហឹង្សា ឬភាពមិនប្រក្រតីណាមួយកើតឡើងឡើយ។

នៅក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ទោ សេង ធារិន ក៏បានមានប្រសាសន៍ផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ប្រឹងប្រែងរៀនសូត្រ ក្រេបជញ្ជក់ចំណេះដឹងដែលយោធាចារ្យបានផ្តល់អោយ និងត្រូវគោរពវិន័យអោយបានល្អនៅក្នុងវគ្គសិក្សានេះ ជាពិសេសនៅពេលបញ្ចប់វគ្គសិក្សា ត្រូវយកចំណេះជំនាញ រួមទាំងបទពិសោធន៍របស់ខ្លួនដែលទទួលបាន ទៅអភិវឌ្ឍអង្គភាព និងព្រងីកសមត្ថភាពបន្ថែមទៀត ផងដែរ បន្តប្រុងប្រយ័ត្នចំពោះជំងឺកូវិដ-១៩ ដោយអនុវត្តវិធានការ ៣កុំ ៣ការពារអោយបានខ្ជាប់ខ្ជួន។

ទីបញ្ចប់ ឧត្តមសេនីយ៍ទោ សេង ធារិន ក៏បានប្រកាសបើកវគ្គហ្វឹកហ្វឺនចាប់ពីពេលនេះតទៅ និងបានឧបត្ថម្ភថវិកាក្នុងវគ្គហ្វឹកហ្វឺន ចំនួន ៣.០០០.០០០រៀល ផងដែរ៕

...

ដោយ: សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print