បុរសម្នាក់ជិះម៉ូតូប៉ះដៃចង្កូតជាមួយរថយន្តបែនដឹកខ្សាច់ធ្វើឱ្យខ្ទាតចូលក្រោមរថយន្តកិនបែកក្បាលធ្លាយខួរស្លាប់ភ្លាមមួយរំពេច

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗគួរឱ្យអាណោចអាធ័ម បន្ទាប់ពីគាត់ជិះម៉ូតូប៉ះដៃចង្កូតជាមួយរថយន្តដឹកខ្សាច់ធ្វើឱ្យដួលខ្ទាតចូលក្រោមកង់រថយន្ត បង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរកាលពីវេលាម៉ោង៨និង១០នាទីយប់ ថ្ងៃពុធទី១០ ខែសីហា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវ៥០ម៉ែត្រកែងនឹងផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
សពជនរងគ្រោះមានឈ្មោះ យ៉ន ធាន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើតនៅភូមិដំណាក់សុក្រំ ឃុំស្នាយអញ្ចិត ស្រុកជុំគិរី ខេត្តកំពត។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសរងគ្រោះខាងលើជិះម៉ូតូម៉ាក Yamaha Sirus ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1T-8486 ធ្វើដំណើរតាមបណ្ដោយផ្លូវ៥០ម៉ែត្រក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុក៏បានទាក់ដៃចង្កូតជាមួយរថយន្តបែនដឹកខ្សាច់ ក្បាលពណ៌ស ពាក់ស្លាកលេខភ្នំពេញ3F-4324 បើកបរដោយបុរសម្នាក់ស្របទិសគ្នាបណ្ដាលឱ្យម៉ូតូដួលខ្ទាតទៅខាងស្ដាំ ឯជនរងគ្រោះខ្ទាតទៅខាងឆ្វេងចូលក្រោមកង់រថយន្តខាងមុខកិនបែកក្បាលធ្លាយខួរស្លាប់យ៉ាងអាណោចអាធ័ម ។ ភ្លាមៗនោះដែរតៃកុងរថយន្តបង្កហេតុដឹងខ្លួនថាកិនមនុស្សស្លាប់ក៏ឈប់រថយន្តចុះរត់ចូលព្រៃបាត់ស្រមោលទៅ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ក្រុងតាខ្មៅបានចុះទៅធ្វើការវាស់វែងយករថយន្តបង្កនិងម៉ូតូរងគ្រោះទៅរក្សាទុករង់ចាំដោះស្រាយបន្តនាពេលក្រោយ ។ ចំណែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ រួចប្រគល់ឱ្យក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕

...

ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print