មេដឹកនាំកូរ៉េខាងជើងគីម ជុងអ៊ុនធ្លាប់គ្រុនក្តៅខ្លាំង(ឆ្លងកូវីដ-១៩)

ចែករំលែក៖

ប្អូនស្រីមេដឹកនាំកូរ៉េខាងជើង លោកស្រីគីម យូ ចុង (Kim Yo Jong) បានឱ្យដឹងថា បងប្រុសរបស់គាត់ធ្លាប់ធ្លាក់ខ្លួនឈឺគ្រុនក្តៅ ក្នុងពេលដែលកូរ៉េខាងជើងកំពុងប្រឈមករណីឆ្លងកូវីដ-១៩ កើនឡើងខ្ពស់ ។ ប៉ុន្តែមេដឹកនាំគីម ជុងអ៊ុននៅតែបន្តធ្វើការដើម្បីគ្រប់គ្រងការឆ្លងកូវីដ-១៩ ។

សារព័ត៌មានជាតិកូរ៉េខាងជើង KCNA បានដកស្រង់សម្តី លោកស្រី គីម យូ ចុង ដែលបានប្រកាសនៅថ្ងៃទី១០ខែសីហាថា «បើទោះបីឈឺធ្ងន់ ដោយមានអាការគ្រុនក្តៅ តែគាត់នៅតែមិនសម្រាកដោយបន្តធ្វើការងាររហូតដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩នៅក្នុងប្រទេស»។ លោកស្រីបន្តទៀតថា នៅពេលនេះបងប្រុសមានសុខភាពល្អ ជាសះស្បើយទាំងស្រុងហើយ។
នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀតដែលពាក់ព័ន្ធនោះដែរ ប្អូនស្រីលោក គីម ជុងអ៊ុន បាន គំរាមកម្ទេចអាជ្ញាធរកូរ៉េខាងត្បូងបើបន្តបញ្ជូនកូវីដ-១៩ចូលកូរ៉េខាងជើង។ ប្អូនស្រីមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន គឺអ្នកនាង គីម យូចុង បានគំរាមកម្ទេចអាជ្ញាធរនៅក្នុងប្រទេសកូរ៉េខាងត្បូង ប្រសិនបើពួកគេបន្តបង្ករឿងតាមរយៈការបញ្ជូនវីរុសកូវីដ-១៩ចូលទឹកដីកូរ៉េខាងជើង។
ការគំរាមរបស់អ្នកនាង គីម យូចុង ត្រូវបានដកស្រង់ចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA និងជាការឆ្លើយតបទៅនឹងទង្វើដែលអ្នកនាងផ្ទាល់ចោទថា អាជ្ញាធរកូរ៉េខាងត្បូងបានបញ្ជូនវីរុសកូរ៉ូណាកូវីដ-១៩ តាមរយៈការបើកដៃឱ្យក្រុមសកម្មជនកូរ៉េខាងត្បូងបង្ហោះខិត្តប័ណ្ណរិះគន់របបដឹកនាំលោកគីម ជុងអ៊ុន ចូលក្នុងប្រទេសកូរ៉េខាងជើង។ ប្អូនស្រីមេដឹកនាំកូរ៉េខាងជើងរូបនេះបានគូសបញ្ជាក់ដូច្នេះថា «យើងមិនអាចនៅស្ងៀមដោយបណ្ដោយឱ្យសំរាមបន្តហូរពីកូរ៉េខាងត្បូងទៀតនោះទេ ហើយនឹងកម្ទេចអាជ្ញាធរសេអ៊ូលចោលប្រសិនបើពួកគេនៅតែបង្ករឿងបែបនេះ។ វិធានការឆ្លើយតបរបស់យើងគឺជាការសងសឹកដ៏សាហាវបំផុត»។
ឆ្លើយតបទៅនឹងការអត្ថាធិប្បាយរបស់អ្នកនាង គីម យូចុង អាជ្ញាធរកូរ៉េខាងត្បូងបានបង្ហាញការសោកស្ដាយជាខ្លាំងចំពោះការចោទប្រកាន់របស់អ្នកនាងគីម យូចុងដែលបានទម្លាក់កំហុសលើខិត្តប័ណ្ណដែលក្រុមសកម្មជនកូរ៉េខាងត្បូងបង្ហោះតាមបាល់ឡុងចូលកូរ៉េខាងជើងជាមូលហេតុនៃការឆ្លងរាលដាលកូវីដ-១៩។
មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅថ្ងៃព្រហស្បតិ៍នេះដែរ បានប្រកាសពីជ័យជម្នះក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ហើយបានបញ្ជាឱ្យ លុបចោលវិធានការទប់ស្កាត់នានាដែលបានដាក់ចេញកាលពីខែឧសភាកន្លងទៅ៕ ដោយ ធីរីណា

...

រូប​ថត​ :REUTERS​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print