អភិបាលខេត្តរតនគិរី ចុះពិនិត្យស្ថានភាពទឹកជំនន់ទន្លេស្រែពក

ចែករំលែក៖

ខេត្តរតនគិរី : នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកទន្លេស្រែពក ស្ថិតនៅក្នុងស្រុកលំផាត់ ដែលបច្ចុប្បន្នទឹកកំពុងហក់ឡើងដល់កម្រិតប្រកាសអាសន្នដោយសារជំនន់ទឹកភ្លៀងធ្លាក់ជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ។

ក្នុងឱកាសនៃការអញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនេះផងដែរ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី មានប្រសាសន៍ថា អាជ្ញាធរខេត្តបានត្រៀមរួចជាស្រេចនូវវិធានការសរុប មធ្យោបាយសរុប ដើម្បីឆ្លើយតបបានទាន់ពេលវេលាក្នុងករណីមានគ្រោះមហន្តរាយកើតឡើងធ្ងន់ធ្ងរប៉ះពាល់ដល់ជីវភាពរស់នៅ និងអាយុជីវិតរបស់ប្រជាពលរដ្ឋ ។

លោកអភិបាលខេត្ត ក៏បានអំពាវនាវបងប្អូនប្រជាពលរដ្ឋត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ចំពោះទឹកជំនន់ ដែលកំពុងជន់ឡើងខ្លាំងនេះ សូមស្វែងរកទីទួលមានសុវត្ថិភាព ពិសេសប្រុងប្រយ័ត្នចំពោះកុមារតូចៗ និងរក្សាអនាម័យឱ្យបានត្រឹមត្រូវ។ ជាងនេះទៅទៀតអាជ្ញាធរ មានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់តាមដាន ក្តាប់ព័ត៌មានអំពីសភាពការណ៍គ្រោះធម្មជាតិ ស្ថានភាពរបស់ប្រជាពលរដ្ឋ ត្រៀមមធ្យោបាយអន្តរាគមន៍បានទាន់ពេលវេលា ។

សូមបញ្ជាក់ផងដែរថា យោងតាមរបាយការណ៍របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តរតនគិរីបានអោយដឹងថា ស្ថានភាពអាកាសធាតុ មានភ្លៀងធ្លាក់ជា បន្តបន្ទាប់ជាប់គ្នាជាប្រចាំអំឡុងសប្ដាហ៍ទី១ និងទី២ នៃខែសីហា ឆ្នាំ២០២២នេះ រួមផ្សំនឹងការបើកបង្ហូរ ទ្វារទឹកទំនប់វារីអគ្គិសនីស្រែពក៤ បានបណ្តាលឱ្យក្នុងភូមិសាស្ត្រស្រុកមួយចំនួន ដែលស្ថិតនៅតំបន់ទំនាប និងតាមបណ្ដោយទន្លេ រងនូវការជន់លិចលង់ ដោយសារទឹកជំនន់ធ្វើឱ្យប៉ះពាល់ លើទ្រព្យសម្បត្តិ ផលដំណាំរបស់ប្រជាពលរដ្ឋរួមមាន៖
-ទឹកជំនន់លិច ចំនួន ១ស្រុកគឺស្រុកលំផាត់មាន ៣ឃុំ ស្មើនឹង ១០ភូមិ ដែលប៉ះពាល់ប្រជាពលរដ្ឋ ចំនួន ១០៨គ្រួសារ ស្មើនឹងមនុស្ស ៤១៨នាក។
-ផ្ទះសម្បែងសរុប ចំនួន ២៩ខ្នង។
-ដំណាំកសិកម្ម ៧៣៥ហិកតា ក្នុងនោះមាន៖ សន្ទូង/ពង្គ្រោះ ចំនួន ២៤២ហិកតា និងដីចម្ការ និងដំណាំរួមផ្សំ ចំនួន ៤៩៣ហិកតា។
-ផ្លូវលំ ចំនួន ៦កន្លែង ស្មើនឹង ១.៨៦០ម៉ែត្រ ផ្លូវកៅស៊ូ ១កន្លែង ស្មើនឹង ៣០ម៉ែត្រ ផ្លូវបេតុងចំនួន ១កន្លែង ស្មើនឹង ២០០ម៉ែត្រ និងលូ ១០កន្លែង៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print